លោក ត្រាំ ធានាបានការគាំទ្រពីលោក ណេតាន់យ៉ាហ៊ូ លើផែនការសន្តិភាពហ្កាហ្សា តែរង់ចាំអ៊ុតចម្លើយពីហាម៉ាស

30-09-2025 09:04

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី២៩ ខែកញ្ញា ទទួលបាននូវការគាំទ្រពីនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu លើផែនការ សន្តិភាពរបស់សហរដ្ឋអាមេរិក ដើម្បីបិទបញ្ចប់សង្រ្គាមនៅហ្កាហ្សា​ដែលអូសបន្លាយពេលជិត ២ឆ្នាំមកនេះ ប៉ុន្តែមិនទាន់ច្បាស់ថាតើក្រុមហាម៉ាសនឹងទទួលយកផែនការសន្តិភាពនេះដែរ ឬក៏យ៉ាងណានោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅឯសេតវិមាន ក្រោយជួបពិភាក្សាជាមួយលោក Netanyahu លោក ត្រាំ បាននិយាយថាកំពុងខិតកាន់តែកៀកទៅរកកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ តំបន់ហ្កាហ្សា។ តែលោកបានព្រមានក្រុមហាម៉ាសថាអ៉ីស្រាអែលនឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិក ក្នុងការធ្វើសកម្មភាពដោយសេរី ប្រសិនបើអ៉ីស្រាអែលយល់ថាចាំបាច់ ក្នុងករណីដែលហាម៉ាសច្រានចោលផែនការសន្តិភាពរបស់លោក។

សេតវិមានបានបញ្ចេញផែនការសន្តិភាព ២០ចំណុច ដែលក្នុងនោះរួមមានការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ការដោះលែងចំណាប់ខ្មាំង ការដកកងទ័ពអ៉ីស្រាអែលចេញពីតំបន់ហ្កាហ្សា ការរំសាយអាវុធរបស់ក្រុមហាម៉ាស និងការបង្កើតរដ្ឋាភិបាលអន្តរកាលមួយក្នុងតំបន់ហ្កាហ្សាដឹកនាំស្ថាប័នអន្តរជាតិមួយ។ យ៉ាងណា គេមិនទាន់ច្បាស់ថាតើរដ្ឋបាលលោក ត្រាំ និងអ៉ីស្រាអែល បានដោះស្រាយការខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួនដូចជាលទ្ធភាពនៃការបង្កើតរដ្ឋប៉ាឡេស្ទីនដែលលោក Netanyahu បានជំទាស់ដាច់ខាត និងតួនាទីណាមួយសម្រាប់អាជ្ញាធរប៉ាឡេស្ទីន ដឹកនាំតំបន់ហ្កាហ្សាក្រោយសង្រ្គាមបិទបញ្ចប់ឬក៏យ៉ាងណាឡើយ? ម្យ៉ាងវិញទៀត គេក៏ត្រូវរងចាំអ៊ុតមើលចម្លើយពីហាម៉ាសផងដែរ។

គួរបញ្ជាក់ថា អវត្តមានរបស់ក្រុមហាម៉ាសក្នុងកិច្ចចរចា និងការច្រានចោលម្ដងហើយម្ដងទៀតចំពោះការរំសាយអាវុធ បាន និងកំពុងបង្កើនការសង្ស័យថាតើផែនការសន្តិភាពរបស់លោក ត្រាំ អាចនឹងទទួលបានជោគជ័យ ឬក៏យ៉ាងណា ខណៈមានសេចក្ដីរាយការណ៍ថាអេហ្ស៉ីប និងកាតាបានប្រគល់បន្តផែនការសន្តិភាពរបស់លោក ត្រាំ ទៅឱ្យក្រុមហាម៉ាសហើយ៕