កូរ៉េខាងជើងប្រាប់ UN៖ យើងនឹងមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរឡើយ
30-09-2025 09:31
(ញូវយ៉ក)៖ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Kim Son Gyong បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ទី២៩ ខែកញ្ញាថាប្រទេសរបស់លោកនឹងមិនបោះបង់ ចោលកម្មវិធីនុយក្លេអ៊ែរនោះទេ ពីព្រោះការធ្វើបែបនេះប្រៀបដូចជាការបោះបង់ចោលអធិបតេយ្យរបស់ខ្លួនដូច្នោះដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នេះជាលើកដំបូងបំផុតដែលកូរ៉េខាងជើងបញ្ជូនមន្ត្រីម្នាក់ពីទីក្រុងព្យុងយ៉ាងឱ្យទៅថ្លែងសុន្ទរកថានៅឯមហាសន្និបាតអង្គការសហប្រជាជាតិប្រចាំឆ្នាំ ចាប់តាំងពីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ធ្លាប់បានធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉កក្នុងឆ្នាំ២០១៨។ ថ្លែងទៅកាន់អង្គមហាសន្និបាត លោក Kim Son Gyong បានលើកឡើងថា «ការទាមទារឱ្យកូរ៉េខាងជើងរំសាយអាវុធនុយក្លេអ៊ែរ វាប្រៀបដូចជាការទាមទារឱ្យប្រទេសរបស់លោកបោះបង់ចោលអធិបតេយ្យ និងសិទ្ធិដើម្បីអត្ថិភាព ដែលជាទង្វើរំលោភបំពានលើរដ្ឋធម្មនុញ្ញរបស់កូរ៉េខាងជើង»។ «យើងនឹងមិនបោះបង់ចោល អធិបតេយ្យ សិទ្ធិដើម្បីអត្ថិភាព ហើយរំលោភលើរដ្ឋធម្មនុញ្ញនោះទេ»។ នេះជាការគូសបញ្ជាក់របស់អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីខែសីហា បាននិយាយថារូបលោកចង់ជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន សាជាថ្មីនៅក្នុងឆ្នាំ២០២៥នេះ។ ចាប់តាំងពី ឡើងកាន់តំណែងកាលពីខែមករាដើមឆ្នាំនេះមក លោក គីម ហាក់មិនអើពើនឹងការអំពាវនាវម្ដងហើយម្ដងទៀតរបស់លោក ត្រាំ ដើម្បីស្ដារកិច្ចចរចាដោយផ្ទាល់ឡើងវិញនោះទេ។ តែលោក គីម កាលពីសប្ដាហ៍មុន បានអះអាងថាវាមិនមានហេតុផលត្រូវគេចវេសកិច្ចចរចាជាមួយសហរដ្ឋអាមេរិកឡើយ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ទទូចសុំឱ្យប្រទេសរបស់លោកបោះបង់ចោល អាវុធនុយក្លេអ៊ែរ៕