លោក ត្រាំ គិតថាអ៉ីរ៉ង់អាចចូលរួមក្នុងកិច្ចព្រមព្រៀងសន្តិភាព Abraham Accords

30-09-2025 10:26

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទ ទី២៩ ខែកញ្ញាថារូបលោកគិតថាអ៉ីរ៉ង់អាចចូលរួមក្នុង Abraham Accords ដែលជាកិច្ចព្រមព្រៀងសន្តិភាព មួយរវាងអ៉ីស្រាអែល និងបណ្ដាប្រទេសអារ៉ាប់មួយចំនួនត្រូវបានចុះហត្ថលេខាអំឡុងអាណត្តិទី១របស់លោក ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «តើអ្នកដឹងទៅ? អ៉ីរ៉ង់ប្រហែលជាអាចចូលរួមក្នុង កិច្ចព្រមព្រៀងនេះក៏ថាបាន។ ខ្ញុំគិតថាពួកគេនឹងបើកចំហចំពោះការចូលរួម ហើយខ្ញុំពិតជាជឿលើរឿងនេះ។ ប៉ុន្តែពួកគេអាចក្លាយជាសមាជិកមួយ»។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀង Abraham Accords ត្រូវបានចុះហត្ថលេខានៅឯសេតវិមានកាលពីខែកញ្ញា ឆ្នាំ២០២០ អំឡុងអាណត្តិទី១របស់លោក ត្រាំ។ កិច្ចព្រមព្រៀងនេះជាសមិទ្ធផលដ៏ធំមួយ របស់សហរដ្ឋអាមេរិក និងការទូតនៅក្នុងតំបន់មជ្ឈិមបូព៌ា។ កិច្ចព្រមព្រៀងនេះបាននាំទៅរកកិច្ចព្រមព្រៀងសន្តិភាពរវាងអ៉ីស្រាអែល ជាមួយអេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងម៉ារ៉ុក៕