លោក ត្រាំ កំណត់ពន្ធ ១០ភាគរយការនាំចូលឈើ ២៥ភាគរយលើទូផ្ទះបាយធ្វើពីឈើ និងគ្រឿងសង្ហារិម
30-09-2025 11:59
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា លោកកំពុងដំឡើងពន្ធ ១០ភាគរយលើការនាំចូលឈើ និងបន្ទះ ក៏ដូចជាពន្ធ ២៥ភាគរយលើទូផ្ទះបាយ សម្ភារៈបន្ទប់ទឹក ក៏ដូចជាគ្រឿងសង្ហារិមផ្សេងទៀត ហើយអត្រានេះនឹងកើនឡើងថែមទៀតនៅឆ្នាំ ២០២៦។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ ២០២៥។
ពន្ធថ្មីចាប់ផ្តើមពីថ្ងៃទី១៤ ខែតុលា ហើយនឹងកើនឡើងនៅថ្ងៃទី១ ខែមករា ដល់កម្រិត ៣០ភាគរយ សម្រាប់ផលិតផលធ្វើពីឈើ និងដល់ ៥០ភាគរយសម្រាប់ទូផ្ទះបាយ និងគ្រឿងបរិក្ខារដែលនាំចូលពីប្រទេស ដែលមិនមានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក។ តាមលោក ត្រាំ ការនាំចូលផលិតផលឈើ ធ្វើឱ្យសេដ្ឋកិច្ចអាមេរិកចុះខ្សោយ ដោយបណ្តាលឱ្យមានការគំរាមកំហែងបិទរោងម៉ាស៉ិនឈើជាបន្តបន្ទាប់ រំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលឈើ និងការថយចុះនូវការប្រើប្រាស់ឧស្សាហកម្មឈើក្នុងស្រុក។
គួរបញ្ជាក់ថា លោក ត្រាំ បានលើកយកមាត្រាទី ២៣២នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ មកសំអាងលើការអះអាងដែលថាការនាំចូលឈើ និងបន្ទះឈើ ក៏ដូចជាគ្រឿងសង្ហារឹម ប៉ះពាល់ដល់សន្តិសុខជាតិអាមេរិក៕