ប្រធានាធិបតីវ៉េណេស៊ុយអេឡា អះអាងថាត្រៀមជាស្រេចដើម្បីដាក់ប្រទេសក្នុងគ្រាអាសន្ន ចំពោះមុខការគំរាមកំហែងពីអាមេរិក (Video inside)
30-09-2025 14:16
(ការ៉ាកាស)៖ កាលពីថ្ងៃចន្ទ ទី២៩ ខែកញ្ញា ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro បាននិយាយថា រូបលោកត្រៀមខ្លួនជាស្រេច ដើម្បីប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ជុំវិញការគំរាមកំហែងឈ្លានពានរបស់សហរដ្ឋអាមេរិក បន្ទាប់ពីករណីវាយប្រហារជាបន្តបន្ទាប់ ដោយយោធាអាមេរិកលើអ្វីដែលទីក្រុងវ៉ាស៉ីនតោន ចោទថាជាទូកដឹកជញ្ជូនគ្រៀងញៀនរបស់វ៉េណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក Maduro បានលើកឡើងយ៉ាងដូច្នេះថា «ថ្ងៃនេះ ដំណើរការពិគ្រោះយោបល់ បានចាប់ផ្តើមហើយ ដើម្បីប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយស្របទៅតាមរដ្ឋធម្មនុញ្ញ និងក្នុងគោលដៅការពារប្រជាជនរបស់យើង សន្តិភាពរបស់យើង និងស្ថិរភាពរបស់យើង ប្រសិនបើវ៉េណេស៊ុយអេឡា រងការវាយប្រហារដោយកម្លាំងពីយោធាពីចក្រភពអាមេរិក»។
ក្នុងថ្ងៃដដែលនោះ អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានអះអាងប្រាប់ក្រុមមន្រ្តីទូតបរទេសថា លោក Maduro បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលផ្តល់អំណាចពិសេសឱ្យរូបលោក ក្នុងនាមជាប្រមុខរដ្ឋ ដើម្បីធ្វើការលើបញ្ហាការពារជាតិនិងសន្តិសុខ ក្នុងករណីសហរដ្ឋអាមេរិកវាយប្រហារលើវ៉េណេស៊ុយអេឡា។ យ៉ាងណាមិញ ខាងប្រភពពីរដ្ឋាភិបាល បានប្រាប់ AFP ថា លោក Maduro មិនទាន់បានចុះហត្ថលេខាលើឯកសារទេ គឺលោកស្រីអនុប្រធានាធិបតី គ្រាន់តែបានបង្ហាញឯកសារនោះ ដើម្បីឱ្យឃើញថា អ្វីៗគ្រប់យ៉ាងត្រូវបានត្រៀមរួចរាល់ ហើយលោកប្រធានាធិបតី អាចចុះហត្ថលេខានៅពេលណាក៏បាន។
គួរបញ្ជាក់ថា លោក Maduro បានដាក់វ៉េណេស៊ុយអេឡា ឱ្យស្ថិតក្រោមសភាពប្រុងជើងការខ្ពស់ ជុំវិញការពង្រាយយោធាធំមួយរបស់អាមេរិក មកក្បែរឆ្នេរនៃប្រទេសរបស់លោក។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជូននាវាចម្បាំងសរុប៨គ្រឿង និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ១គ្រឿង មកភាគខាងត្បូងតំបន់សមុទ្រការីបង់ (Caribbean) ក្រោមក្របខណ្ឌនៃផែនការដែលរូបលោក បានអះអាងថា ដើម្បីប្រយុទ្ធប្រឆាំងសកម្មភាពជួញដូរគ្រឿងញៀន ប៉ុន្តែជាក់ស្តែង គឺវាហាក់ដូចជាមានគោលដៅចម្បង ដាក់សម្ពាធមកលើលោក Maduro ផ្ទាល់។ យោធាអាមេរិក បានកម្ទេចទូកសង្ស័យដឹកគ្រឿងញៀនយ៉ាងហោច៣គ្រឿង នៅតំបន់សមុទ្រការីបង់ អំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បណ្តាលឱ្យមនុស្ស១៤នាក់ស្លាប់ ជាទង្វើដែលក្រុមអ្នកជំនាញ UN ថ្កោលទោសថា ជាការសម្លាប់មនុស្សក្រៅប្រព័ន្ធយុត្តិធម៌៕