អាមេរិក ថានាយករដ្ឋមន្រ្តីអ៉ីស្រាអែលបានសុំទោសកាតា និងសន្យាមិនឱ្យមានការវាយប្រហារថ្មីទៀត នោះទេ (Video inside)
30-09-2025 14:48
(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បានអះអាងថា កាលពីថ្ងៃចន្ទ ទី២៩ ខែកញ្ញា នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានទូរសព្ទទៅនាយករដ្ឋមន្រ្តីកាតា ចេញពីសេតវិមាន ហើយលោកបានសុំអភ័យទោសសម្រាប់ការវាយប្រហារលើទឹកដីរបស់កាតា ដោយកំណត់គោលដៅប្រឆាំងក្រុមហាម៉ាស និងសន្យាមិនធ្វើបែបនោះម្តងទៀតឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក Netanyahu ដែលចាប់តាំងពីបញ្ជាឱ្យបើកការវាយប្រហារកាលពីថ្ងៃទី៩ ខែកញ្ញា លើទឹកដីកាតា គឺមិនបានបន្ទន់ឥរិយាបថបន្តិចសោះឡើយនោះ បានធ្វើកិច្ចសន្ទនាទូរសព្ទខាងលើ អំឡុងពេលរូបលោកជួបជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីពិភាក្សាគ្នា អំពីបទឈប់បាញ់សម្រាប់សង្រ្គាមនៅហ្កាហ្សា។
ជាច្រើនសប្តាហ៍កន្លងមកនេះ លោក Netanyahu បានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ការពារទង្វើរបស់ខ្លួន ហើយរិះគន់ប្រទេសកាតា ដែលបានផ្តល់កន្លែងជ្រកកោនដល់ក្រុមហាម៉ាស។ តាមពិតទៅ ការរៀបចំនោះជាមួយក្រុមហាម៉ាស គឺត្រូវបានធ្វើឡើងយូរមកហើយ និងជាមួយការយល់ស្របពីអ៉ីស្រាអែលថែមទៀត ព្រោះវារក្សាវត្តមានក្រុមហាម៉ាស ឱ្យស្ថិតក្នុងប្រទេសមួយ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអាមេរិក មិនមែនអ៉ីរ៉ង់។ យ៉ាងណាមិញ លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានលើកឡើងថា ការគណនាគឺត្រូវបានផ្លាស់ប្តូរ ចាប់តាំងពីការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ របស់ក្រុមហាម៉ាស។
គួរបញ្ជាក់ថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ អ៉ីស្រាអែល ក៏បានបើកការវាយប្រហារលើបណ្តាប្រទេសដទៃទៀត នៅក្នុងតំបន់ផងដែរ រួមមានអ៉ីរ៉ង់ ស៉ីរី លីបង់ និងយេម៉ែន។ ភ្លាមៗ ក្រោយការវាយប្រហាររបស់អ៉ីស្រាអែលនៅកាតា លោក ត្រាំ បានចេញមុខនិយាយថា រូបលោកមិនពេញចិត្តទាល់តែសោះ ចំពោះទង្វើនោះ៕