សហរដ្ឋអាមេរិក ដាក់ប្រេស៉ីល និងអាហ្វ្រិកខាងត្បូង ទៅក្នុងបញ្ជីឃ្លាំមើលការជួញដូរមនុស្ស
30-09-2025 16:29
(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានដាក់ប្រេស៉ីល និងអាហ្វ្រិកខាងត្បូង ទៅក្នុងបញ្ជីឃ្លាំមើលការជួញដូរមនុស្ស ដោយលើកឡើងភាពបរាជ័យរបស់ប្រទេសទាំងពីរ ក្នុងការបង្ហាញពីវឌ្ឍនភាពនៃការទប់ស្កាត់បញ្ហានេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ ២០២៥។
តាមរបាយការណ៍ប្រចាំឆ្នាំស្តីពីការជួញដូរមនុស្ស ដែលវាយតម្លៃទៅលើកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយពលកម្មដោយបង្ខំ ការជួញដូរផ្លូវភេទ និងទម្រង់ផ្សេងទៀតនៃទាសភាពសម័យទំនើប នៅជុំវិញពិភពលោក ចេញផ្សាយកាលពីថ្ងៃចន្ទ បានដាក់ប្រេស៉ីល និងអាហ្វ្រិកខាងត្បូងទៅក្នុងបញ្ជី «Tier 2 Watch List» ដែលមានន័យថា ប្រទេសទាំងពីរត្រូវតែ ប្រឹងប្រែងដោះស្រាយបញ្ហានោះ ឬត្រូវប្រឈមមុខនឹងទណ្ឌកម្មរបស់អាមេរិក។
គួរបញ្ជាក់ថា របាយការណ៍នេះបានចេញផ្សាយ ចំពេលដែលមានភាពតានតឹងកាន់តែខ្លាំង រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាមួយរដ្ឋបាល លោក ត្រាំ៕