អធិការបតីអាល្លឺម៉ង់ លោក Merz ថាអឺរ៉ុបលែងអត់ធ្មត់ជាមួយរុស្ស៉ីទៀតហើយ
30-09-2025 16:32
(DUESSELDORF)៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា «អឺរ៉ុបគ្មានសង្រ្គាមទេ ប៉ុន្តែលែងអត់ធ្មត់ជាមួយរុស្ស៉ីទៀតហើយ»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ ២០២៥។
ថ្លែងទៅកាន់ព្រឹត្តិការណ៍ក្នុងទីក្រុង Duesseldorf លោក Merz គូសបញ្ជាក់ដូច្នេះថា «ខ្ញុំសូមនិយាយជាប្រយោគ ដែលអាចនឹងភ្ញាក់ផ្អើលបន្តិចពេលស្តាប់ឮ ថាយើងមិនមែនកំពុងធ្វើសង្គ្រាមទេ ប៉ុន្តែយើងក៏លែងមានសន្តិភាពទៀតដែរ»។
ដោយសំដៅទៅដល់ការយល់ព្រមនាពេលថ្មីៗ ចំពោះផែនការរបស់សហភាពអឺរ៉ុប ដើម្បីដោះភាពជាប់គាំង ជុំវិញការយកទ្រព្យសម្បត្តិរុស្ស៉ីដែលបង្កកបានមកប្រើប្រាស់ ធ្វើហិរញ្ញប្បទានជួយដល់អ៊ុយក្រែន លោក Merz និយាយថា ចំណាត់ការនេះអាចផ្តល់ការគាំទ្រផ្នែកយោធា សម្រាប់អ៊ុយក្រែនក្នុងរយៈពេលពី ៣ទៅ ៥ឆ្នាំ ហើយអំឡុងពេលនោះ សេដ្ឋកិច្ចរុស្ស៉ីមិនអាចទ្រាំទ្របានឡើយ៕