បទវិភាគ៖ បង្អួចថ្មីសម្រាប់ការប្រាស្រ័យទាក់ទងរវាងចិននិងអាមេរិក ក្រោមការណែនាំរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ
30-09-2025 16:40
(ប៉េកាំង)៖ នៅថ្ងៃទី ២៥ ខែកញ្ញា លោក Adam Smith ប្រធានគណៈប្រតិភូសភាតំណាងរាស្រ្ត នៃសហរដ្ឋអាមេរិកនិងសហការី បានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសចិន មតិអន្តរជាតិបានផ្តោតការយកចិត្តទុកដាក់យ៉ាងទូលំទលាយ ។ បន្ទាប់ពីរំលងអស់រយៈពេល ៦ ឆ្នាំ គណៈប្រតិភូសភាតំណាងរាស្រ្តនៃសហរដ្ឋអាមេរិក បានបំពេញទស្សនកិច្ចនៅប្រទេសចិនម្តងទៀត ដែលបាននាំមកនូវសំឡេងរបស់បក្សទាំងពីរនៃសហរដ្ឋអាមេរិក និងក្តីរំពឹងទុករបស់ប្រជាជនអាមេរិក ចំពោះទំនាក់ទំនងរវាងចិននិងអាមេរិក។
មជ្ឈដ្ឋានខាងក្រៅបានកត់សម្គាល់ឃើញថា នៅមុនពេលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាតំណាងរាស្រ្ត នៃសហរដ្ឋអាមេរិកនៅប្រទេសចិនលើកនេះ ប្រមុខរដ្ឋចិននិងអាមេរិកទើបបានជួបសន្ទនាតាមទូរស័ព្ទ ដើម្បីធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងស្មោះត្រង់ និងស៊ីជម្រៅអំពីទំនាក់ទំនងរវាងចិននិងអាមេរិកនាពេលបច្ចុប្បន្ន និងបញ្ហាដែលយកចិត្តទុកដាក់ដូចគ្នា ក៏ដូចជាផ្តល់ការណែនាំជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍ ដោយនឹងនរនៃទំនាក់ទំនង រវាងចិននិងអាមេរិកនៅដំណាក់កាលបន្ទាប់ ។ ក្នុងបរិបទបែបនេះ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាតំណាងរាស្រ្ត នៃសហរដ្ឋអាមេរិកនៅប្រទេសចិនបានបង្ហាញយ៉ាងពេញលេញ ពីតួនាទីដ៏សំខាន់នៃការណែនាំជាយុទ្ធសាស្រ្ត របស់ប្រមុខរដ្ឋចិននិងអាមេរិក ដែលជាការបោះជំហានយ៉ាងសកម្មទៅរកការលំនឹងទំនាក់ទំនងរវាងចិននិងអាមេរិក។
លោក Diao Daming សាស្ត្រាចារ្យនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃសកលវិទ្យាល័យប្រជាជនចិនបានថ្លែងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាតំណាងរាស្រ្ត នៃសហរដ្ឋអាមេរិកនៅប្រទេសចិនលើកនេះ មានអំណោយផលដល់សមាជិកសភាអាមេរិកក្នុងការយល់ដឹងពីសភាពការណ៍ពិតប្រាកដរបស់ប្រទេសចិន និងបង្កើតការយល់ដឹងដ៏ត្រឹមត្រូវចំពោះប្រទេសចិន ដើម្បីប្រកាន់អាកប្បកិរិយាកាន់តែមានវិចារណញ្ញាណថែមមួយកម្រិតទៀត នៅពេលពិគ្រោះពិភាក្សាអំពីបញ្ហាពាក់ព័ន្ធនឹងចិន។ ក៏ដូចការគូសបញ្ជាក់របស់ភាគីចិនដែលបានលើកឡើងក្នុងកិច្ចជំនួបថា រំពឹងទុកសភាអាមេរិកប្រើក្រសែភ្នែកត្រឹមត្រូវទៅមើល ទំនាក់ទំនងរវាងចិននិងអាមេរិកព្រមទាំងជំរុញយ៉ាងសកម្ម នូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ ដើម្បីដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនាក្នុងការជំរុញ មេត្រីភាពនិងការអភិវឌ្ឍរួមរបស់ប្រទេសទាំងពីរ។
បើនិយាយចំពោះទំនាក់ទំនងចិន-អាមេរិកនាពេលបច្ចុប្បន្ន ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាតំណាងរាស្រ្ត នៃសហរដ្ឋអាមេរិកនៅប្រទេសចិនលើកនេះបានពង្រីកមធ្យោបាយ សម្រាប់ការប្រាស្រ័យទាក់ទងរវាងភាគីទាំងពីរ ព្រមទាំងបានបើកបង្អួចមួយទៀត សម្រាប់ការប្រាស្រ័យទាក់ទងរវាងចិននិងអាមេរិក ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូសភាតំណាងរាស្រ្តនៃសហរដ្ឋអាមេរិកនៅប្រទេសចិនលើកនេះ ទីក្រុងប៉េកាំងបានលើកឡើងថា មានឆន្ទៈធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀត នូវការផ្លាស់ប្តូរជាមួយរដ្ឋបាលក្នុងតំបន់នៃសហរដ្ឋអាមេរិក ក្នុងវិស័យដូចជាអភិបាលកិច្ចនៃទីក្រុងជាដើម ។ រំពឹងថា សមាជិករដ្ឋសភាអាមេរិកនឹងពង្រីកឧត្តមភាពរបស់ខ្លួន ដើម្បីបង្កើតជាស្ពានសម្រាប់ការប្រាស្រ័យទាក់ទង និងជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ឱ្យទទួលបានការវិវឌ្ឍរីកចម្រើនថ្មី។
ទំនាក់ទំនងរវាងចិននិងអាមេរិក គឺជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតនៅលើពិភពលោក ប្រទេសទាំងពីរអាចក្លាយជា ក៏គួរក្លាយជាដៃគូនិងមិត្តភក្តិនឹងគ្នា។ នាពេលបច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិននិងអាមេរិកបានលេចចេញនិន្នាការមានភាពនឹងនរ នេះគឺបានមកដោយមិនងាយទេដែលគួរថែរក្សាឱ្យបានល្អ។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាតំណាងរាស្រ្តនៃសហរដ្ឋអាមេរិកនៅប្រទេសចិន ភាគីចិនបានថ្លែងថា រីករាយដោះស្រាយកង្វល់រៀងខ្លួនតាមរយៈការប្រាស្រ័យទាក់ទងដោយប្រកាន់ខ្ជាប់ស្មារតីសមភាព គោរពគ្នាទៅវិញទៅមក និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះ ភាគីចិនក៏បានអធិប្បាយយ៉ាងច្បាស់ ពីគោលជំហរដ៏ម៉ឺងម៉ាត់របស់ខ្លួន ស្តីពីការគាំពារអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសជាតិដែរ ។ ដោយឡែកភាគីអាមេរិកបានថ្លែងថា ប្រទេសទាំងពីរគួរធ្វើកិច្ចសន្ទនាកាន់តែច្រើនដើម្បីស្វែងរកការបង្កើនកិច្ចសហប្រតិបត្តិការនិងដោះស្រាយការខ្វែងគំនិតដោយសន្តិវិធី ។ រំពឹងថា គណៈប្រតិភូសភាតំណាងរាស្រ្តនៃសហរដ្ឋអាមេរិក នឹងនាំអ្វីដែលខ្លួនបានមើលឃើញនិងដឹងឮនៅចិនទៅអាមេរិកវិញ ដើម្បីជំរុញរដ្ឋសភាអាមេរិកឱ្យដើរតួនាទីវិជ្ជមានដល់ ការប្រាស្រ័យទាក់ទងដ៏ល្អប្រសើរ នៃទំនាក់ទំនងរវាងចិននិងអាមេរិក៕
វិទ្យុមិត្តភាពកម្ពុជាចិន