កម្ពុជា-ចិន រៀបចំបាឋកថាពិធីបុណ្យសំពះព្រះខែរបស់ជនជាតិចិន
30-09-2025 18:02
(ភ្នំពេញ)៖ ក្រោមកិច្ចគាំទ្រពីការិយាល័យរបស់មូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា និងក្រោមកិច្ចសហការជាមួយ សាលាមធ្យមវិចិត្រសិល្បៈនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរៀបចំបាឋកថាពិធីបុណ្យសំពះព្រះខែរបស់ជនជាតិចិន។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានជម្រាបថា សម្រាប់ប្រជាជាតិចិន បុណ្យសែនព្រះខែ ជាបុណ្យដ៏សំខាន់ទី២បន្ទាប់ពីបុណ្យនិទាឃរដូវ (បុណ្យចូលឆ្នាំ) ដោយទទួលទាននំព្រះខែ និងគយគន់រស្មីព្រះចន្ទរួមជាមួយពន្លឺចង្កៀងគោម ប្រជាជាតិចិនបានរួមគ្នាផ្សព្វផ្សាយពីគុណតម្លៃនៃការជួបជុំគ្រួសារ ចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍ ពន្លាតស្មារតីមិត្តភាព ភាតរភាព និងភក្តីភាពរវាងប្រជាជននិងប្រជាជន។ គោលបំណងសំខាន់នៃបាឋកថានាថ្ងៃនេះក៏ជាវេទិកាដ៏សំខាន់ក្នុងការតភ្ជាប់មូលធនមនុស្សលើវិស័យបេតិកភណ្ឌរវាងប្រទេសយើងទាំងពីរ កម្ពុជានិងចិន ផងដែរ។
លោកស្រី Wang Yahui ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជាបានបង្ហាញការគាំទ្រ និងពេញចិត្តចំពោះទំនាក់ទំនងកម្ពុជាចិន ហើយកម្មវិធីថ្ងៃនេះនឹងជំរុញឱ្យប្រជាជននៃប្រទេសយើងទាំងពីរ ស្វែងយល់ពីគ្នាកាន់តែស៊ីជម្រៅថែម ជាពិសេសពិធីសែនព្រះខែ។
ឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានថ្លែងថា កម្មវិធីនាថ្ងៃនេះក៏ជាការរួមចំណែក យល់ដឹងកាន់តែទូលំទូលាយពីគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលត្រូវបានបណ្តាប្រទេសនានាជាច្រើនរួមគ្នាជាមួយ ប្រទេសចិនប្រតិបត្តិរយៈពេល២ឆ្នាំកន្លងមកនេះ ដើម្បីបង្កើនកម្លាំងដល់កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ ឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរចំពោះមិត្តចិនដែលបានរួមចំណែកយ៉ាងច្រើនក្នុងវិស័យវប្បធម៌ ជាពិសេសការចូលរួមចំណែកជួសជុល ប្រាង្គប្រាសាទនានាក្នុងតំបន់អង្គរថែមទៀតផង។
លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈបានថ្លែងថា កម្មវិធីនាថ្ងៃនេះបានបង្កើនកម្លាំងវិជ្ជមានកាន់តែខ្លាំង ដល់តំណភ្ជាប់រវាងអរិយធម៌នៃប្រទេសយើងទាំងពីរ ព្រមទាំងការតភ្ជាប់ដ៏សំខាន់នៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន រយៈពេលជាង២០០០ឆ្នាំកន្លងមកនេះ៕
វិទ្យុមិត្តភាពកម្ពុជាចិន