សំណើអាមេរិកស្តីពីអភិបាលកិច្ចបណ្តោះអាសន្ននៅហ្កាហ្សា រួមបញ្ចូលទាំងលោក Tony Blair និងលោក ត្រាំ ខ្លួនឯងផ្ទាល់ (Video inside)

30-09-2025 19:09

(វ៉ាស៊ីនតោន)៖ ផែនការសន្តិភាពមួយដែលចេញផ្សាយដោយសេតវិមានកាលពីថ្ងៃចន្ទ ដើម្បីបញ្ចប់សង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានរួមបញ្ចូលតួនាទីដ៏ភ្ញាក់ផ្អើលសម្រាប់អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Tony Blair និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងរចនាសម្ព័ន្ធអភិបាលកិច្ចក្រោយសង្គ្រាមនៅហ្កាហ្សា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមសំណើនេះ «ហ្កាហ្សានឹងត្រូវបានគ្រប់គ្រងក្រោមអភិបាលកិច្ចអន្តរកាលបណ្តោះអាសន្ននៃគណៈកម្មាធិការប៉ាឡេស្ទីនមិនប្រកាន់បក្សនយោបាយ និងមានលក្ខណៈបច្ចេកទេស»។ គណៈកម្មាធិការនេះនឹងត្រូវបានត្រួតពិនិត្យដោយស្ថាប័នអន្តរកាលអន្តរជាតិថ្មីមួយដែលមានឈ្មោះថា «ក្រុមប្រឹក្សាសន្តិភាព» ដែលនឹងដឹកនាំដោយលោក ត្រាំ ផ្ទាល់ និងមានសមាជិករួមទាំងលោក Blair ផងដែរ។

ក្រុមហាម៉ាសនឹងគ្មានតួនាទីអ្វីទាំងអស់នៅក្នុងអភិបាលកិច្ចរបស់ហ្កាហ្សា។
ទោះជាយ៉ាងណា ការចូលរួមរបស់លោក Blair បានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំង ដោយសារតែប្រវត្តិសាស្ត្រនៃចក្រពត្តិនិយមអង់គ្លេសនៅក្នុងតំបន់ និងជាពិសេសការចូលរួមរបស់លោក Blair ក្នុងការឈ្លានពានអ៊ីរ៉ាក់ដែលផ្អែកលើការអះអាងមិនពិតថា អ៊ីរ៉ាក់មានអាវុធប្រល័យលោក។ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅដែនដីប៉ាឡេស្ទីនដែលកាន់កាប់ លោកស្រី Francesca Albanese បាននិយាយយ៉ាងខ្លីថា «Tony Blair? ដាច់ខាតអត់ទេ។ ដកដៃចេញពីប៉ាឡេស្ទីន»។

គួរបញ្ជាក់ថា លោក Blair បានហៅគំនិតរបស់លោក ត្រាំ ថាជា «ផែនការដ៏ក្លាហាន និងឆ្លាតវៃ»។ អាជ្ញាធរប៉ាឡេស្ទីន និងសេចក្តីថ្លែងការណ៍រួមរបស់បណ្តាប្រទេសមូស្លីមភាគច្រើន បាននិយាយថា ពួកគេស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ ដើម្បីបញ្ចប់សង្គ្រាមនៅហ្កាហ្សា៕