វិមានក្រឹមឡាំង គាំទ្រផែនការសន្តិភាពហ្កាហ្សារបស់ ត្រាំ, សង្ឃឹមថានឹងត្រូវបានអនុវត្ត (Video inside)

30-09-2025 20:00

(ម៉ូស្គូ)៖ វិមានក្រឹមឡាំង បានឱ្យដឹងនៅថ្ងៃអង្គារថា ខ្លួនសង្ឃឹមថាផែនការសន្តិភាពហ្កាហ្សារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងត្រូវបានអនុវត្ត និងអាចជួយជំរុញឱ្យមានសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងការសន្ទនាជាមួយអ្នកសារព័ត៌មាន លោក ឌីមីទ្រី ប៉េស្កូវ អ្នកនាំពាក្យវិមានក្រឹមឡាំង បានមានប្រសាសន៍ថា «រុស្ស៊ីតែងតែគាំទ្រ និងស្វាគមន៍រាល់ការខិតខំរបស់លោក ត្រាំ ដែលមានគោលបំណងបញ្ចប់សោកនាដកម្មដែលកំពុងកើតឡើងនៅពេលនេះ»។ លោកបន្ថែមថា «ជាការពិត យើងចង់ឱ្យផែនការនេះត្រូវបានអនុវត្ត និងជួយនាំឱ្យស្ថានការណ៍នៅមជ្ឈិមបូព៌ាឈានទៅរកការបញ្ចប់ដោយសន្តិវិធី»។

គួរបញ្ជាក់ថា លោក ត្រាំ បានទទួលការគាំទ្រពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃចន្ទ ដើម្បីបញ្ចប់សង្គ្រាមជិតពីរឆ្នាំនៅតំបន់ហ្កាហ្សា។ ប៉ុន្តែ សំណួរនៅតែមានថាតើក្រុមហាម៉ាសនឹងទទួលយកផែនការនេះឬអត់។ រុស្ស៊ីបានរិះគន់ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅហ្កាហ្សាក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ខណៈទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងអ៊ីរ៉ង់ ដែលជាគូប្រជែងចាស់របស់អ៊ីស្រាអែល កាន់តែស៊ីជម្រៅ៕