កាតា នឹងបើកកិច្ចចរចាសម្របសម្រួលជាមួយក្រុមហាម៉ាស និងតួកគី ជុំវិញសំណើរបស់សហរដ្ឋអាមេរិក (Video inside)
30-09-2025 20:31
(ដូហា)៖ ប្រទេសកាតា នៅថ្ងៃអង្គារ បានប្រកាសថា ខ្លួននឹងបើកកិច្ចចរចាសម្របសម្រួលជាមួយក្រុមហាម៉ាស និងតួកគី ជុំវិញផែនការសន្តិភាពសម្រាប់តំបន់ហ្កាហ្សា ដែលស្នើឡើងដោយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed al-Ansari បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងដូហាថា តំណាងរបស់តួកគីគ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំនៃក្រុមសម្របសម្រួលបញ្ហាហ្កាហ្សានៅថ្ងៃនេះ ខណៈមន្ត្រីហាម៉ាសកំពុងសិក្សាផែនការដែលដាក់ចេញដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ លោកបានបន្ថែមថា មន្ត្រីហាម៉ាសបានទទួលផែនការពេញលេញរបស់សហរដ្ឋអាមេរិកកាលពីយប់ថ្ងៃចន្ទ ហើយបានសន្យាថានឹងពិនិត្យមើលវាដោយការទទួលខុសត្រូវ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ លោក ត្រាំ បានប្រកាសថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បានយល់ព្រមលើផែនការសន្តិភាពដែលទើបស្នើឡើងថ្មីរបស់លោក។ លោក ត្រាំ បានបន្ថែមថា ប្រសិនបើក្រុមហាម៉ាសទទួលយកសំណើនេះ វានឹងតម្រូវឱ្យមានការដោះលែងចំណាប់ខ្មាំងដែលនៅសល់ទាំងអស់ក្នុងរយៈពេល ៧២ម៉ោង។ ទោះជាយ៉ាងណា លោក ណេតាន់យ៉ាហ៊ូ បានព្រមានថា អ៊ីស្រាអែលនឹង «បញ្ចប់ការងារ» ប្រឆាំងនឹងក្រុមហាម៉ាស ប្រសិនបើសកម្មប្រយុទ្ធបដិសេធសំណើនេះ៕