លោក ត្រាំ ព្រមានហាម៉ាស «មានពេល ៣ ទៅ ៤ថ្ងៃ ដើម្បីឆ្លើយតបនឹងផែនការសន្តិភាពហ្កាហ្សា» (Video inside)

30-09-2025 21:19

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ បានមានប្រសាសន៍ថា ក្រុមសកម្មប្រយុទ្ធហាម៉ាសមានពេលប្រហែលបីទៅបួនថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសំណើផែនការសន្តិភាពហ្កាហ្សារបស់លោក បើមិនដូច្នេះទេនឹងត្រូវប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈលោកចាកចេញពីសេតវិមាន លោក ត្រាំ បានបញ្ជាក់ថា មេដឹកនាំអ៊ីស្រាអែល និងអារ៉ាប់បានទទួលយកផែនការនេះហើយ ហើយ «យើងកំពុងរង់ចាំតែហាម៉ាសប៉ុណ្ណោះ»។ លោកបានព្រមានថា «ហាម៉ាសអាចនឹងធ្វើតាម ឬមិនធ្វើ ហើយប្រសិនបើមិនធ្វើទេ វានឹងក្លាយជាការបញ្ចប់ដ៏សោកសៅបំផុត»។

គួរបញ្ជាក់ថា នៅពេលត្រូវបានសួរថាតើមានលទ្ធភាពសម្រាប់ការចរចាលើផែនការសន្តិភាពដែរឬទេ លោក ត្រាំ បានឆ្លើយយ៉ាងខ្លីថា «មិនច្រើនទេ»៕