រញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ វាយប្រហារភាគកណ្តាលហ្វីលីពីន

30-09-2025 22:55

(ម៉ានីល)៖ ទីភ្នាក់ងារស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគកណ្តាលនៃប្រទេសហ្វីលីពីន កាលពីល្ងាចថ្ងៃអង្គារ ដោយមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នករងគ្រោះ ឬការខូចខាតនោះទេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានបរទេស។

ការិយាល័យរញ្ជួយដីក្នុងស្រុកបានព្រមានពីលទ្ធភាពនៃ «ការរំខានកម្រិតទឹកសមុទ្របន្តិចបន្តួច» និងបានជំរុញឱ្យប្រជាពលរដ្ឋនៅកោះ Leyte, Cebu និង Biliran «នៅឱ្យឆ្ងាយពីឆ្នេរ និងមិនត្រូវទៅកាន់តំបន់ឆ្នេរសមុទ្រឡើយ»។ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះ ស្ថិតនៅចម្ងាយប្រហែល ១១គីឡូម៉ែត្រ ភាគខាងកើតឆៀងអាគ្នេយ៍នៃក្រុង Calape ក្នុងខេត្ត Bohol។

ទោះជាយ៉ាងណា មជ្ឈមណ្ឌលព្រមានរលកស៊ូណាមិប៉ាស៊ីហ្វិកបានបញ្ជាក់ថា «គ្មានការគំរាមកំហែងពីរលកស៊ូណាមិពីគ្រោះរញ្ជួយដីនេះទេ» ហើយ «មិនចាំបាច់មានចំណាត់ការអ្វីឡើយ»៕