លោក គីម ជុងអ៊ុន ប្រាប់លោក ស៊ី ជីនពីង៖ កូរ៉េខាងជើងនឹងបន្តអភិវឌ្ឍទំនាក់ទំនងជាមួយចិន មិនថាស្ថានការណ៍ពិភពលោកប្រែប្រួលយ៉ាងណាក៏ដោយ (Video inside)
01-10-2025 08:48
(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថាប្រទេសរបស់លោកនឹងបន្តអភិវឌ្ឍទំនាក់ទំនងជាមួយចិន មិនថាស្ថានការណ៍ពិភពលោក ប្រែប្រួលយ៉ាងណាក៏ដោយ នៅក្នុងសារមួយនាឱកាសអបអរខួបបង្កើតសាធារណរដ្ឋប្រមានិតចិននៅថ្ងៃពុធ ទី១ ខែតុលា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
KCNA បានឱ្យដឹងទៀតថានៅក្នុងសារអបអរខួបលើកទី៧៦នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន ផ្ញើទៅកាន់លោក ស៊ី ជីនពីង លោក គីម ជុងអ៊ុន បានកត់សម្គាល់ថា «វាជាគោលជំហរយ៉ាង ម៉ឺងម៉ាត់របស់គណបក្ស និងរដ្ឋាភិបាលកូរ៉េខាងជើងដើម្បីបន្តអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកូរ៉េខាងជើង និងចិន មិនថាស្ថានការណ៍ពិភពលោកអាចនឹងប្រែប្រួលយ៉ាងណាក៏ដោយ»។ លោក គីម បន្ថែមថាកូរ៉េខាងជើងមានឆន្ទៈធ្វើកិច្ចសហប្រតិបត្តិការជាមួយចិនក្នុងការពង្រឹងទំនាក់ទំនងបន្ថែម ការពារសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងនៅកន្លែងផ្សេងទៀតតាមរយៈ ការទំនាក់ទំនងគ្នា និងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនឹងគ្នា។
គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍នេះ លោក គីម ជុងអ៊ុន បានបញ្ជូនរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son-hui បំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនជាទីដែលលោកស្រីបានជួប ប្រមុខការទូតចិន លោក Wang Yi និងនាយករដ្ឋមន្ត្រីចិន លោក Li Qiang។ ដំណើរទស្សនកិច្ចរបស់លោកស្រី Choe ផងដែរធ្វើឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ មុនកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ APEC ក្នុងទីក្រុង Gyeongju ជាទីដែលលោក ស៊ី ជីនពីងត្រូវបានរំពឹងថានឹងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕