លោក ដូណាល់ ត្រាំ ថាវាជាការប្រមាថដល់សហរដ្ឋអាមេរិក បើរូបលោកមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព (Video inside)
01-10-2025 09:13
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ ទី៣០ ខែកញ្ញា បាននិយាយថាវានឹងក្លាយជាការប្រមាថមួយចំពោះសហរដ្ឋអាមេរិក ប្រសិនបើរូបលោកមិនជាប់ជាជ័យលាភី ពានរង្វាន់ណូបែលសន្តិភាពទេនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ត្រាំ បានអះអាងថារូបលោកបានជួយបញ្ចប់សង្រ្គាមជាច្រើនចាប់តាំងពីរូបលោកឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកក្នុងអាណត្តិទី២មក។ នៅចំពោះមុខមន្ត្រីយោធាជាន់ខ្ពស់អាមេរិករាប់រយនាក់ លោក ត្រាំ បានលើកឡើងថា «វានឹងក្លាយជាការប្រមាថដល់ប្រទេសរបស់យើង...ខ្លួនខ្ញុំផ្ទាល់ ខ្ញុំមិនចង់បានពានរង្វាន់ណូបែលសន្តិភាពអ្វីទេ តែខ្ញុំចង់ឱ្យប្រទេសរបស់ទទួលបានពានរង្វាន់នេះ»។
គួរបញ្ជាក់ថា លោក ត្រាំ កន្លងមកបានអះអាងថារូបលោកបានបញ្ចប់សង្រ្គាមចំនួន៧ ដោយប្រើពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះចាប់តាំងពីរូបលោកត្រឡប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិក ក្នុងអាណត្តិទី២ កាលពីខែមករាមក។ លោកក៏ធ្លាប់បានបង្ហាញការខកចិត្ត និងខឹងសម្បារផងដែរដែលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា មកពីគណបក្សប្រជាធិតេយ្យទទួលបានពានរង្វាន់ ណូបែលសន្តិភាពក្នុងឆ្នាំ២០០៩។ ការប្រកាសពីជ័យលាភីពានរង្វាន់ណូបែលសន្តិភាពគ្រោងនឹងធ្វើឡើងដោយគណៈកម្មាធិការណូបែល ក្នុងទីក្រុងអូស្លូ ប្រទេសន័រវែស នៅថ្ងៃទី១០ ខែតុលានេះ៕