រដ្ឋាភិបាលអាមេរិក ជួបវិបត្តិជាប់គាំងថវិកាសាជាថ្មី ក្រោយលោក ត្រាំ និងបក្សប្រជាធិបតេយ្យ ចរចាគ្នាមិនត្រូវ (Video inside)
01-10-2025 14:02
(វ៉ាស៉ីនតោន)៖ នៅថ្ងៃពុធ ទី១ ខែតុលា រដ្ឋាភិបាលអាមេរិក បានចាប់ផ្តើមជួបវិបត្តិជាប់គាំងថវិកាសាជាថ្មី បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ និងក្រុមសមាជិកសភាបក្សប្រជាធិបតេយ្យ មិនអាចចរចាត្រូវរ៉ូវគ្នាជុំវិញការអនុម័តកញ្ចប់ថវិកាសហព័ន្ធ ដោយសារតែលក្ខខណ្ឌទាមទាររបស់បក្សប្រជាធិបតេយ្យ សម្រាប់មូលនិធិកម្មវិធីថែទាំសុខភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
វិបត្តិជាប់គាំងថវិកានេះ នឹងនាំទៅរកការបិទទ្វារជាបណ្តោះអាសន្ន នូវស្ថាប័ននិងទីភ្នាក់ងារសហព័ន្ធជាច្រើន ហើយប៉ះពាល់ចំពោះបុគ្គលិករដ្ឋសរុបរាប់សែននាក់។ លោក ត្រាំ បានទម្លាក់កំហុសលើបក្សប្រជាធិបតេយ្យ ហើយបានគំរាមដាក់ពិន័យលើបក្សនេះ និងអ្នកគាំទ្ររបស់ពួកគេ តាមរយៈការលុបចោលអាទិភាពផ្សេងៗ ដែលបក្សប្រជាធិបតេយ្យចង់បាន និងការជម្រុះបុគ្គលិកទ្រង់ទ្រាយធំ នៅតាមវិស័យរដ្ឋ។
គួរបញ្ជាក់ថា វាមិនច្បាស់នោះទេថា វិបត្តិខាងលើនឹងបន្តរយៈពេលយូរប៉ុនណា។ រដ្ឋាភិបាលសហព័ន្ធអាមេរិក ធ្លាប់បានជួបវិបត្តិនេះ សរុប២១លើក គិតចាប់តាំងពីឆ្នាំ១៩៧៦មក នៅពេលសភាចាប់ផ្តើមអនុវត្ត និតីវិធីអនុម័តកញ្ចប់ថវិកាសម័យទំនើបដូចសព្វថ្ងៃ។ វិបត្តិជាប់គាំងថវិកាខ្លះ គឺមានរយៈពេលត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ ដែលមិនយូរគ្រប់គ្រា ន់ដល់ថ្នាក់ប៉ះពាល់ប្រតិបត្តិការរដ្ឋាភិបាលទេ។ ការជាប់គាំងយូរបង្អស់ បានចាប់ផ្តើមកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ដែលមានរយៈពេល៣៥ថ្ងៃ នៅពេលបក្សប្រជាធិបតេយ្យនិងលោក ត្រាំ និយាយពុំត្រូវគ្នា ជុំវិញថវិកាចំនួន៥.៧ពាន់លានដុល្លារ ដែលលោកប្រធានាធិបតី ទាមទារសម្រាប់គម្រោងសាងសង់ជញ្ជាំងព្រំដែន អំឡុងអាណត្តិទី១របស់លោក។ កាលពីពេលនោះ បុគ្គលិករដ្ឋខ្ទង់៣៨០ ០០០នាក់ ត្រូវបានព្យួរការងារបណ្តោះអាសន្ន ហើយ៤២០ ០០០នាក់ផ្សេងទៀត ត្រូវធ្វើការដោយគ្មានប្រាក់ឈ្នួល៕