អ៊ីតាលី និងក្រិក អំពាវនាវឱ្យអ៊ីស្រាអែល កុំធ្វើបាបសកម្មជនក្បួននាវាជំនួយហ្កាហ្សា (Video inside)

01-10-2025 18:34

(រ៉ូម)៖ នៅថ្ងៃពុធ ប្រទេសអ៊ីតាលី និងក្រិក បានអំពាវនាវឱ្យអ៊ីស្រាអែល កុំធ្វើបាបសកម្មជននៅលើក្បួននាវាអន្តរជាតិ ដែលកំពុងត្រៀមខ្លួនប្រឈមនឹងសកម្មភាពរបស់អ៊ីស្រាអែល ដើម្បីរារាំងការបញ្ជូនជំនួយទៅកាន់តំបន់ហ្កាហ្សា។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្តីថ្លែងការណ៍រួម ចេញផ្សាយដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានបញ្ជាក់ថា «(យើង) អំពាវនាវឱ្យអាជ្ញាធរអ៊ីស្រាអែល ធានាសុវត្ថិភាព និងសន្តិសុខរបស់អ្នកចូលរួម និងអនុញ្ញាតឱ្យមានវិធានការការពារផ្នែកកុងស៊ុលទាំងអស់»។

គួរបញ្ជាក់ថា ទីក្រុងរ៉ូម និងអាតែន ក៏បានអំពាវនាវឱ្យសកម្មជនទទួលយកសំណើសម្របសម្រួល ដើម្បីប្រគល់ជំនួយទៅឱ្យព្រះវិហារកាតូលិក ដើម្បីឱ្យព្រះវិហារចែកចាយជំនួយនៅតំបន់ហ្កាហ្សា និងជៀសវាងការប៉ះទង្គិចដោយផ្ទាល់ជាមួយអ៊ីស្រាអែល៕