អ៊ីស្រាអែល បង្កើនការវាយលុកលើទីក្រុងហ្កាហ្សា ខណៈក្រុមហាម៉ាសកំពុងពិចារណាផែនការរបស់លោក ត្រាំ (Video inside)
01-10-2025 19:51
(ហ្កាហ្សា)៖ ប្រភពជិតស្និទ្ធនឹងក្រុមសកម្មប្រយុទ្ធមួយបានឱ្យដឹងថា ការពិនិត្យឡើងវិញរបស់ក្រុមហាម៉ាសលើផែនការហ្កាហ្សារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឈានចូលដល់ថ្ងៃទីបីហើយនៅថ្ងៃពុធ ខណៈដែលក្រុមប៉ាឡេស្ទីនផ្សេងទៀតបានបដិសេធសំណើនេះ ហើយអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើទីក្រុងហ្កាហ្សាម្តងទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មន្ត្រីប៉ាឡេស្ទីនម្នាក់ដែលដឹងពីការពិភាក្សារបស់ក្រុមហាម៉ាសជាមួយក្រុមផ្សេងទៀត បានប្រាប់ Reuters ថា «ការទទួលយកផែនការនេះគឺជាគ្រោះមហន្តរាយមួយ ការបដិសេធវាក៏ជាគ្រោះមហន្តរាយមួយទៀតដែរ នៅទីនេះមានតែជម្រើសដ៏ល្វីងជូរចត់ប៉ុណ្ណោះ ប៉ុន្តែផែនការនេះគឺជាផែនការរបស់លោក ណេតាន់យ៉ាហ៊ូ ដែលត្រូវបានប្រកាសដោយលោក ត្រាំ»។ លោកបានបន្ថែមថា «ក្រុមហាម៉ាសចង់បញ្ចប់សង្គ្រាម និងបញ្ចប់អំពើប្រល័យពូជសាសន៍ ហើយវានឹងឆ្លើយតបក្នុងទិសដៅដែលបម្រើផលប្រយោជន៍អតិបរមារបស់ប្រជាជនប៉ាឡេស្ទីន»។
ប្រជាជននៅទីក្រុងហ្កាហ្សាបាននិយាយថា យន្តហោះ និងរថក្រោះអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើសង្កាត់លំនៅដ្ឋានពេញមួយយប់។ អាជ្ញាធរសុខាភិបាលក្នុងតំបន់បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣៥នាក់នៅទូទាំងតំបន់ហ្កាហ្សាត្រូវបានសម្លាប់ដោយយោធានៅថ្ងៃពុធ។ ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែលបានចេញបញ្ជាថ្មីឱ្យប្រជាជនចាកចេញទៅភាគខាងត្បូង ហើយបាននិយាយថា ខ្លួននឹងមិនអនុញ្ញាតឱ្យអ្នកទាំងនោះត្រឡប់ទៅភាគខាងជើងវិញឡើយ។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានពិពណ៌នាជំហាននេះថាជា «ការរឹតបន្តឹងការឡោមព័ទ្ធជុំវិញហ្កាហ្សា ដើម្បីឈានទៅរកការកម្ចាត់ក្រុមហាម៉ាស»។
គួរបញ្ជាក់ថា លោក ត្រាំ កាលពីថ្ងៃអង្គារ បានផ្តល់ពេលវេលាដល់ក្រុមហាម៉ាស «បីទៅបួនថ្ងៃ» ដើម្បីឆ្លើយតបចំពោះផែនការដែលលោកបានបង្ហាញកាលពីសប្តាហ៍នេះជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ។ ការសម្រេចចិត្តរបស់អ៊ីស្រាអែលក្នុងការបិទផ្លូវទៅភាគខាងជើងវិញ នឹងដាក់សម្ពាធលើអ្នកដែលនៅមិនទាន់ចាកចេញពីទីក្រុងហ្កាហ្សា ហើយក៏រារាំងអ្នកស្រុករាប់សែននាក់ដែលបានភៀសខ្លួនទៅភាគខាងត្បូងមិនឱ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញដែរ៕