ក្បួននាវាជំនួយហ្កាហ្សា អះអាងថាត្រូវនាវាចម្បាំងអ៊ីស្រាអែល «គំរាមកំហែង និងឡោមព័ទ្ធ» ខណៈខិតជិតទៅដល់ (Video inside)
01-10-2025 21:08
(សមុទ្រមេឌីទែរ៉ាណេ)៖ ក្បួននាវាអន្តរជាតិដែលព្យាយាមបញ្ជូនជំនួយទៅកាន់តំបន់ហ្កាហ្សា បានអះអាងថា នាវាអ៊ីស្រាអែលបានចូលមកក្បែរទូករបស់ខ្លួនមួយចំនួន ហើយបានធ្វើ «សមយុទ្ធដ៏គ្រោះថ្នាក់ និងបំភិតបំភ័យ» កាលពីថ្ងៃពុធ ទី១ ខែតុលា ខណៈដែលខ្លួនខិតជិតដល់តំបន់ដែលហែកហួរដោយសង្គ្រាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមអ្នករៀបចំបេសកកម្មបាននិយាយថា «នាវាចម្បាំង» អ៊ីស្រាអែលចំនួនពីរគ្រឿង បានចូលមកជិតយ៉ាងលឿន ហើយបានឡោមព័ទ្ធទូកពីរគ្រឿងរបស់ក្បួននាវា គឺ Alma និង Sirius។ ឧបករណ៍នាវាចរណ៍ និងទំនាក់ទំនងទាំងអស់បានរលត់ នៅក្នុងអ្វីដែលអ្នករៀបចំម្នាក់នៅលើនាវា បានពិពណ៌នានៅក្នុងសន្និសីទសារព័ត៌មានមួយថាជា «ការវាយប្រហារតាមអ៊ីនធឺណិត»។ ក្បួននាវាបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សកម្មភាពអរិភាពទាំងនេះ បានធ្វើឱ្យជនស៊ីវិលដែលគ្មានអាវុធមកពីជាង ៤០ប្រទេស ស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ» ដោយបន្ថែមថា ខ្លួននឹងបន្តដំណើរឆ្ពោះទៅកាន់តំបន់ហ្កាហ្សា។
គួរបញ្ជាក់ថា ក្បួននាវា Global Sumud Flotilla មានទូកស៊ីវិលជាង ៤០គ្រឿង ដឹកមនុស្សប្រហែល ៥០០នាក់ ក្នុងនោះមានសមាជិកសភា មេធាវី និងសកម្មជន រួមទាំងសកម្មជនអាកាសធាតុស៊ុយអែត Greta Thunberg ផងដែរ។ ក្បួននាវានេះបានបង្កឱ្យមានភាពតានតឹងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ចាប់តាំងពីវាត្រូវបានវាយប្រហារដោយដ្រូន ដែលបានទម្លាក់គ្រាប់បែកផ្សែង និងម្សៅរមាស់ បណ្តាលឱ្យមានការខូចខាត ប៉ុន្តែមិនមានអ្នករងរបួសឡើយ។ អ៊ីស្រាអែលបាននិយាយថា ខ្លួននឹងប្រើគ្រប់មធ្យោបាយដើម្បីរារាំងទូកមិនឱ្យទៅដល់តំបន់ហ្កាហ្សា៕