អ៉ីស្រាអែល ព្រមានថាអ្នកមិនព្រមចាកចេញពីទីក្រុងហ្កាហ្សា នឹងត្រូវចាត់ទុកជាភេរវករដែលត្រូវកម្ទេច (Video inside)

02-10-2025 09:17

(ហ្ស៊េរុយសាឡិម)៖ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Israel Katz បានចេញសារព្រមានលើកចុងក្រោយមួយឱ្យប្រជាជនប៉ាឡេស្ទីនជម្លៀសខ្លួនចេញពីទីក្រុងហ្កាហ្សា ឆ្ពោះទៅកាន់ ភាគខាងត្បូងនៃតំបន់ហ្កាហ្សា បើពុំដូច្នោះទេ ពួកគេនឹងត្រូវបានចាត់ទុកជាភេរវករដែលត្រូវកម្ទេច ខណៈក្រុមហាម៉ាសកំពុងពិចារណាលើផែនការសន្តិភាពរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អ៉ីស្រាអែលបាន និងកំពុងបង្កើនការទម្លាក់គ្រាប់បែកលើទីក្រុងហ្កាហ្សា ក្នុងពេលដែលលោក Israel Katz កាលពីថ្ងៃពុធ ទី១ ខែតុលា បាននិយាយថាយោធាអ៉ីស្រាអែលកំពុងរឹតបន្តឹង ការឡោមព័ទ្ធទីក្រុងមួយនេះ។ ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែលរូបនេះបានព្រមានថា «នេះជាឱកាសចុងក្រោយសម្រាប់ប្រជាជនហ្កាហ្សា ដែលចង់ជម្លៀសខ្លួនទៅភាគខាងត្បូង និងទុកឱ្យហាម៉ាសនៅឯកកោក្នុងទីក្រុងហ្កាហ្សា»។ លោកបន្ថែមថាអ្នកដែលមិនព្រមចាកចេញនឹងត្រូវបានចាត់ទុកជាភេរករ និងអ្នកគាំទ្រភេរវករ ហើយ អ្នកដែលចង់ចាកចេញពីទីក្រុងហ្កាហ្សាឆ្ពោះទៅភាគខាងត្បូង គឺត្រូវធ្វើដំណើរឆ្លងកាត់តាមប៉ុស្តិ៍ត្រួតពិនិត្យរបស់យោធាអ៉ីស្រាអែល។

គួរបញ្ជាក់ថា បើតាមលោក Israel Katz យោធាអ៉ីស្រាអែលបានដណ្ដើមគ្រប់គ្រងច្រករបៀង Netzarim នៅភាគកណ្ដាលតំបន់ហ្កាហ្សា និងចាក់ចុះទៅឆ្នេរភាគខាងលិច ជាការគ្រប់គ្រងមួយដែលលោកអះអាងថាជាការកាត់ផ្ដាច់ភាគខាងជើងនៃតំបន់ហ្កាហ្សា ពីភាគខាងត្បូង៕