លោក ត្រាំ ចេញបញ្ជាប្រតិបត្តិធានាការពារសន្តិសុខកាតា ក្រោយការវាយប្រហាររបស់អ៉ីស្រាអែល (Video inside)

02-10-2025 10:32

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃពុធ ទី១ ខែតុលា ដែលនៅក្នុងនោះសហរដ្ឋអាមេរិកបានសន្យាការពារសន្តិសុខរបស់កាតា ក្នុងនោះរួមមានទាំងការឆ្លើយតបដោយយោធា ប្រសិនបើប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះរងការវាយប្រហារជាថ្មីណាមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាតា កាលពីថ្ងៃពុធ ក៏បានស្វាគមគមន៍បទបញ្ជារបស់លោក ត្រាំផងដែរ ដោយចាត់ទុកថាវាជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងការពង្រឹងទំនាក់ទំនងការពារជាតិ និងកិច្ចសហប្រតិបតិ្តការទ្វេភាគីរវាង ប្រទេសទាំង២។ បទបញ្ជាខាងលើដែលទំនងជាចង់ពង្រឹងការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះកាតា កើតមានឡើង បន្ទាប់ពីអ៉ីស្រាអែលកាលពីខែកញ្ញាកន្លងទៅបើកការវាយប្រហារតាមផ្លូវអាកាស មិនធ្លាប់មានលើទីក្រុងដូហា ក្នុងការប៉ុនប៉ងសម្លាប់មេដឹកនាំហាម៉ាស។ ការវាយប្រហារនេះបានសម្លាប់សមាជិកហាម៉ាសជាច្រើនរូប រួមទាំងមន្ត្រីសន្តិសុខកាតាម្នាក់ ខណៈមេដឹកនាំហាម៉ាសបានគេចផុតពី ការតាមសម្លាប់នេះ។

តាមបទបញ្ជារបស់លោក ត្រាំ សហរដ្ឋអាមេរិកនឹងចាត់ទុកការវាយប្រហារលើទឹកដី អធិបតេយ្យ ឬហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់កាតា គឺជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខរបស់សហរដ្ឋអាមេរិក ផ្ទាល់ ដែលតម្រូវឱ្យទីក្រុងវ៉ាស៊ីនតោនត្រូវចាត់វិធានការឆ្លើយតបក្នុងនោះរួមមាន ការទូត សេដ្ឋកិច្ច ហើយប្រសិនបើចាំបាច់គឺប្រើកម្លាំងយោធាតែម្ដង ដើម្បីការពារផលប្រយោជន៍អាមេរិក និងកាតា ព្រមទាំងដើម្បីស្ដារសន្តិភាព និងស្ថិរភាព៕