ទឹកជំនន់ភ្លាមៗ ផ្តាច់ជីវិតមនុស្ស ៩នាក់ក្នុងតំបន់ Odesa ភាគខាងត្បូងអ៊ុយក្រែន (Video inside)

02-10-2025 11:11

(កៀវ)៖ ទឹកជំនន់ក្នុងតំបន់ Odesa ប្រទេសអ៊ុយក្រែន បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៩នាក់ រួមទាំងមួយគ្រួសារដែលមានសមាជិក ៥នាក់ ជាប់គាំងនៅក្នុងផ្ទះដែលត្រូវទឹកជន់លិច ខណៈភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យមនុស្សរាប់រយនាក់ត្រូវការសង្គ្រោះ និងរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ ២០២៥។

សេវាសង្គ្រោះបន្ទាន់បាននិយាយកាលពីថ្ងៃពុធថា ក្រុមរបស់ខ្លួនកំពុងធ្វើការទាំងយប់ ដើម្បីជួយសង្រ្គោះមនុស្ស ៣៦២នាក់ និងរំដោះទឹកចេញពីអគារនានា។ អភិបាលតំបន់ Odesa លោក Oleh Kiper និយាយថា តំបន់បានទទួលរងនូវជំនន់ទឹកភ្លៀង រយៈពេលពីរថ្ងៃមកហើយ ដោយជន់លិចផ្លូវថ្នល់ កាត់ផ្តាច់ចរន្តអគ្គិសនី ខូចខាតទ្រព្យសម្បត្តិ និងបានរលំដើមឈើ។

ក្រុមការងារជាង ៥០០នាក់​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រឹងប្រែង​​សង្គ្រោះ ដោយបន្ថែមថា មនុស្ស ៤២ ០០០នាក់នៅក្នុងភូមិចំនួន ៣២ និងទីប្រជុំជនក្នុងតំបន់ នៅតែគ្មានអគ្គិសនីប្រើប្រាស់ជាបណ្តោះអាសន្ន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានណែនាំឱ្យឧបនាយករដ្ឋមន្ត្រីម្នាក់ ចុះត្រួតពិនិត្យប្រតិបត្តិការនៅក្នុងតំបន់ដែលកំពុងរងគ្រោះនេះ៕