រុស្ស៉ី ប្រកាសមិនទទួលស្គាល់ទណ្ឌកម្មឡើងវិញរបស់ UN លើអ៉ីរ៉ង់ (Video inside)

02-10-2025 11:51

(មូស្គូ)៖ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំអង្គការសហប្រជាជាតិ (UN) លោក Vassily Nebenzia បានប្រាប់ក្រុមអ្នកកាសែតថា រុស្ស៉ីមិនទទួលស្គាល់ទណ្ឌកម្មដែល UN ដាក់ឡើងវិញលើអ៉ីរ៉ង់នោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ ២០២៥។

កាលពី​ចុងសប្តាហ៍មុន​ UN បានដាក់ទណ្ឌកម្មអាវុធឡើងវិញ និង​ទណ្ឌកម្ម​ផ្សេងទៀត​លើអ៉ីរ៉ង់ ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ខណៈទីក្រុងតេហេរ៉ង់ព្រមានឆ្លើយតបយ៉ាងម៉ឹងមាត់។ លោក Nebenzia បាននិយាយក្នុងសន្និសីទសារព័ត៌មាន ដើម្បីចាប់ផ្តើមអាណត្តិរុស្ស៉ីក្នុងនាមជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខ UN សម្រាប់ខែតុលាថា «ទោះជាមានការដាក់ទណ្ឌកម្មឡើងវិញ តែយើងចាត់ទុកថាគ្មាន។ ទណ្ឌកម្មនោះវាបង្កើតបញ្ហា។ តើយើងនឹងចេញពីវាដោយរបៀបណា សូមរង់ចាំមើល»

គួរបញ្ជាក់ថា ជាមួយនិងការត្រលប់មកវិញនៃទណ្ឌកម្មរបស់ UN អ៉ីរ៉ង់ត្រូវរងនូវការហ៊ុមព័ទ្ធផ្នែកអាវុធ និងបម្រាមលើរាល់សកម្មភាពចម្រាញ់ កែច្នៃសារធាតុអ៊ុយរ៉ាញ៉ូម ក៏ដូចជាសកម្មភាពណាមួយទាក់ទងនឹងមីស៉ីលផ្លោង។ រីឯ ទណ្ឌកម្មផ្សេងទៀតដែលនឹងត្រូវដាក់បញ្ចូលឡើងវិញ រួមមានការហាមប្រាមធ្វើដំណើរ ការបង្កកទ្រព្យសម្បត្តិបុគ្គល និងអង្គភាព រួមទាំងការផ្គត់ផ្គង់សម្ភារដែលអាចប្រើសម្រាប់កម្មវិធីនុយក្លេអ៊ែរ៕