ក្រុមប្រទេស G7 នឹងកំណត់គោលដៅលើប្រទេសទាំងឡាយ ដែលបន្តទិញប្រេងកាន់តែច្រើនពីរុស្ស៉ី (Video inside)
02-10-2025 13:14
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី១ ខែតុលា រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃក្រុមប្រទេស G7 បាននិយាយថា ពួកគេនឹងរួមគ្នាចាត់វិធានការ ដើម្បីបង្កើនសម្ពាធលើរុស្ស៉ី តាមរយៈការកំណត់គោលដៅ ចំពោះប្រទេសទាំងឡាយណា ដែលកំពុងបន្តបង្កើនការទិញប្រេងពីរុស្ស៉ី ក៏ដូចជាប្រទេសណា ដែលជួយរុស្ស៉ីគេចវេះពីទណ្ឌកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្នុងសេចក្តីថ្លែងការណ៍រួម ក្រោយកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ក្រុមរដ្ឋមន្រ្តី G7 បានលើកឡើងថា «យើងនឹងកំណត់គោលដៅលើប្រទេសណា ដែលបន្តបង្កើនការទិញប្រេងពីរុស្ស៉ី ចាប់តាំងពីសង្រ្គាមឈ្លានពានផ្ទុះឡើងនៅអ៊ុយក្រែន និងប្រទេសទាំងឡាយ ដែលជួយរុស្ស៉ីគេចវេះពីទណ្ឌកម្ម។ ទន្ទឹមគ្នានេះ ពួកយើងក៏នឹងចាត់វិធានការឱ្យរឹងមាំផងដែរ ដើម្បីកាត់បន្ថយជាខ្លាំង ជាមួយគោលដៅកាត់ឱ្យដាច់ទាំងស្រុង នូវការនាំចូលដែលនៅសេសសល់ទាំងប៉ុន្មានរបស់យើង ពីប្រទេសរុស្ស៉ី ក្នុងនោះរួមមានទាំងការនាំចូលអ៉ីដ្រូកាបូន»។
គួរបញ្ជាក់ថា ការចេញសេចក្តីថ្លែងការណ៍ដូចខាងលើ គឺបន្ទាប់ពីទីក្រុងវ៉ាស៉ីនតោនកន្លងមក បានអំពាវនាវឱ្យសម្ព័ន្ធមិត្តដំឡើងពន្ធលើប្រទេសទិញប្រេងពីរុស្ស៉ី ដូចជាឥណ្ឌានិងចិនជាដើម។ ខណៈលោក ត្រាំ មិនបានដំឡើងពន្ធបន្ថែមលើចិន ជុំវិញការទិញប្រេងរុស្ស៉ីក៏ដោយ រដ្ឋបាលរបស់លោកបានដំឡើងលើឥណ្ឌា។ យ៉ាងណាមិញ សេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធរបស់ G7 មិនបានលើកឡើងចំឈ្មោះរបស់ប្រទេសណាមួយឡើយ៕