ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Bualoi នៅវៀតណាម កើនដល់៣៦នាក់ និងបាត់ខ្លួន២១នាក់ (Video inside)

02-10-2025 13:33

(ហាណូយ)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសវៀតណាម នាថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា បានឱ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារព្យុះទីហ្វុង Bualoi និងគ្រោះទឹកជំនន់ដែលវាបង្កឡើង បានកើនដល់យ៉ាងហោច៣៦នាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

ចំណែកមនុស្ស២១នាក់ទៀត នៅបន្តបាត់ខ្លួន។ ជាមួយគ្នានេះ ការវាយប្រហារនៃព្យុះខាងលើ បានបំផ្លិចបំផ្លាញផ្លូវ សាលារៀន និង​សំណង់ផ្សេងៗទៀត ហើយបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនី សម្រាប់ប្រជាជនរាប់ពាន់គ្រួសារ។ ផ្ទះសម្បែងសរុបច្រើនជាង ២១០ ០០០ខ្នង បានរងខាតខូចខាតឬជន់លិច ខណៈផ្ទៃដីដាំដុះស្រូវនិងដំណាំផ្សេងទៀតទំហំលើស៥១ ០០០ហិកតា ត្រូវបានបំផ្លាញ។

គួរបញ្ជាក់ថា ព្យុះទីហ្វុង Bualoi បានបោកបក់មកដល់តំបន់ភាគកណ្តាលប្រទេសវៀតណាម កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ យោង​តាមការព្យាកររបស់អាជ្ញាធរវៀតណាម នាថ្ងៃព្រហស្បតិ៍នេះ ការខូចខាតទ្រព្យសម្បត្តិដែលបង្កឡើងដោយព្យុះ Bualoi មានទំហំខ្ទង់​១១.៥ទ្រីលានដុល្លារ ឬ៤៣៥.៨០លានដុល្លារ កើនឡើងពីការព្យាករក្នុងរបាយការណ៍ កាលពីថ្ងៃពុធ ដែលមានទំហំ​៣០៣លានដុល្លារ៕