មន្រ្តីយោធាតៃវ៉ាន់និយាយនៅប៉ូឡូញ៖ បើអ៊ុយក្រែនចាញ់សង្រ្គាមជាមួយរុស្ស៉ី នោះចិននឹងបានចិត្តកាន់តែខ្លាំងលើកោះតៃវ៉ាន់ (Video inside)

02-10-2025 14:00

(វ៉ាសូវី)៖ មន្រ្តីយោធាជាន់ខ្ពស់តៃវ៉ាន់មួយរូប បានលើកឡើងថា ប្រសិនបើរុស្ស៉ីយកឈ្នះអ៊ុយក្រែនបាននោះ វានឹងធ្វើឱ្យចិនកាន់តែបានចិត្ត ក្នុងសកម្មភាពបង្កើនសម្ពាធមកលើកោះតៃវ៉ាន់ ហើយទីក្រុងតៃប៉ិសង្ឃឹមថា នៅទីបំផុតទីក្រុងកៀវ នឹងជាអ្នកទទួលជ័យជម្នះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥។

ថ្លែងក្នុងវេទិកាសន្តិសុខទីក្រុងវ៉ាសូវីនាសប្តាហ៍នេះ អំឡុងទស្សនកិច្ចនៅប្រទេសប៉ូឡូញ លោក Hsieh Jih-Sheng នាយរងសេនាធិការទទួលបន្ទុកចារកម្ម នៅឯក្រសួងការពារជាតិតៃវ់ាន់ បាននិយាយថា ទីក្រុងតៃប៉ិកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះសង្រ្គាមនៅអ៊ុយក្រែន។ លោក Hsieh បានលើកឡើងដូ​ច្នេះថា «យើងជូនពរឱ្យអ៊ុយក្រែនទទួលជ័យជម្នះ។ មានរឿងជាច្រើនដែលយើងអាចរៀនសូត្រពីសង្រ្គាមនៅអ៊ុយក្រែន ហើយយកមកពង្រឹង​សមត្ថភាពត្រៀមលក្ខណៈរបស់យើង។ ប្រសិនបើអ៊ុយក្រែនបរាជ័យ នោះវាឱ្យសញ្ញាទៅទីក្រុងប៉េកាំងថា ចិនអាចបន្តបង្កើនសម្ពាធ​កាន់តែខ្លាំងជាងមុនទៀត ដាក់លើតៃវ៉ាន់»

គួរបញ្ជាក់ថា ចិនចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន ហើយមិនដែលបោះបង់ចោលលទ្ធភាព​នៃការបង្រួបបង្រួមគ្នាវិញ ដោយប្រើប្រាស់កម្លាំងយោធានោះឡើយ។ ប៉ុន្មានឆ្នាំមកនេះ ទីក្រុងប៉េកាំងបានបង្កើនសម្ពាធជាខ្លាំង​លើតៃវ៉ាន់ ជាពិសេសតាមរយៈផ្នែកយោធា ដោយចល័តយន្តហោះក៏ដូចជានាវាយោធាជាប្រចាំ មកក្បែរតៃវ៉ាន់ និងធ្វើសមយុទ្ធ​នៅក្បែរដែនកោះនេះ៕