ប្រធានាធិបតីកូរ៉េខាងត្បូង បញ្ជាឱ្យមានការបង្រ្កាបសកម្មភាពប្រឆាំងនឹងជនបរទេស នៅក្នុងស្រុក (Video inside)

02-10-2025 15:57

(សេអ៊ូល)៖ លោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា បានដាក់បទបញ្ជាឱ្យមានការបង្រ្កាបលើការប្រមូលផ្តុំណាមួយ ដើម្បីប្រឆាំងប្រទេសចិន និងប្រឆាំងបរទេស ដែលលោកចាត់ទុកថាធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេស និងសេដ្ឋកិច្ច។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Lee បានប្រាប់ក្រុមជំនួយការជាន់ខ្ពស់នៅក្នុងកិច្ចប្រជុំថា «តើនរណាចង់មកលេង និងទិញរបស់របរក្នុងប្រទេសមួយ ដែលត្រូវប្រជាជនពួកគេ ជេរប្រមាថដោយគ្មានហេតុផល?។ យើងត្រូវតែហាមប្រាមនូវទង្វើដែលបំផ្លាញខ្លួនឯង និងគ្មានប្រយោជន៍ ប៉ះពាល់ផលប្រយោជន៍ និងមុខមាត់ជាតិ»។ លោក​ Lee ​បញ្ជា​ឱ្យ​មាន​ការ​បង្ក្រាប​សកម្មភាព​ញុះញង់ ​ដែល​គំរាមកំហែង​ដល់​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​បរទេស និង​វិធានការ​ពិសេស​ដើម្បី​បញ្ឈប់ «​ការ​ស្អប់ខ្ពើម​ពូជសាសន៍​»

គួរបញ្ជាក់ថា ក្រុមស្តាំនិយមបានប្រមូលផ្តុំគ្នា ដើម្បីតវ៉ាប្រឆាំងនឹងប្រទេសចិន ដោយមានអ្នកខ្លះផ្តោតលើបក្សកុម្មុយនិសតែម្តង ចាប់តាំងពីរដ្ឋាភិបាលកូរ៉េខាងត្បូង អនុញ្ញាតឱ្យអ្នកទេសចរចិនដែលមិនតម្រូវឱ្យមានទិដ្ឋាការ ចូលមកក្នុងប្រទេស កាលពីដើមសប្តាហ៍នេះ៕