វិមានក្រឹមឡាំង៖ «អាមេរិកតែងតែផ្តល់ព័ត៌មានសម្ងាត់ដល់អ៊ុយក្រែនជាប្រចាំរួចទៅហើយ»

02-10-2025 18:51

(ម៉ូស្គូ)៖ វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ កំពុងផ្តល់ព័ត៌មានសម្ងាត់ដល់អ៊ុយក្រែនជាប្រចាំរួចទៅហើយ ដើម្បីជាការឆ្លើយតបទៅនឹងសេចក្តីរាយការណ៍ដែលថា ទីក្រុងវ៉ាស៊ីនតោននឹងផ្តល់ព័ត៌មានសម្ងាត់អំពីគោលដៅថាមពលរបស់រុស្ស៊ីទៅឱ្យទីក្រុងគៀវ។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាសែត Wall Street Journal និង Reuters បានរាយការណ៍ថា សហរដ្ឋអាមេរិកនឹងផ្តល់ដល់អ៊ុយក្រែននូវព័ត៌មានសម្ងាត់អំពីគោលដៅហេដ្ឋារចនាសម្ព័ន្ធថាមពលឆ្ងាយនៅក្នុងប្រទេសរុស្ស៊ី ខណៈដែលខ្លួនក៏កំពុងពិចារណាថាតើត្រូវបញ្ជូនមីស៊ីលទៅឱ្យទីក្រុងគៀវ ដែលអាចប្រើសម្រាប់ការវាយប្រហារបែបនេះដែរ។ ចំពោះរាយការណ៍នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានឆ្លើយតបថា «សហរដ្ឋអាមេរិកបាន និងផ្ញើព័ត៌មានសម្ងាត់ទៅឱ្យអ៊ុយក្រែនជាប្រចាំរួចទៅហើយតាមអនឡាញ»។

គួរបញ្ជាក់ថា អ៊ុយក្រែនបានវាយប្រហាររោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីច្រើនលើកក្នុងរយៈពេលពីរខែចុងក្រោយនេះ ដែលជាការរំខានដល់ដំណើរការ និងជំរុញឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃការនាំចេញប្រេងដណ្តប់គ្របពីរុស្ស៊ី។ កាសែត Wall Street Journal បាននិយាយថា ជំហានរបស់អាមេរិកក្នុងការចែករំលែកព័ត៌មានសម្ងាត់នេះ នឹងធ្វើឱ្យអ៊ុយក្រែនងាយស្រួលក្នុងការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធដូចជារោងចក្រចម្រាញ់ប្រេង បំពង់បញ្ជូនប្រេង និងរោងចក្រផ្តល់ថាមពល ដើម្បីកាត់បន្ថយប្រាក់ចំណូល និងប្រេងរបស់វិមានក្រឹមឡាំង៕