ប៉ូលិសអង់គ្លេសបាញ់សម្លាប់ជនដៃដល់ ក្រោយវាយប្រហារសម្លាប់មនុស្ស ២នាក់នៅជិតសាលាប្រជុំយូដា (Video inside)

02-10-2025 19:04

(ម៉ាន់ឈ័ស្ទឺរ)៖ មនុស្សពីរនាក់បានស្លាប់ នៅក្នុងការវាយប្រហារដោយរថយន្ត និងកាំបិតនៅជិតសាលាប្រជុំសាសន៍យូដាមួយកន្លែង ក្នុងទីក្រុងម៉ាន់ឈ័ស្ទឺរ ប្រទេសអង់គ្លេស នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប៉ូលិសប្រចាំតំបន់ Greater Manchester បានឱ្យដឹងថា មន្ត្រីប្រដាប់អាវុធត្រូវបានបញ្ជូនទៅកាន់សាលាប្រជុំ Heaton Park Hebrew Congregation Synagogue ក្រោយទទួលបានរបាយការណ៍ពីសាក្សីថា មានរថយន្តបើកបុកមនុស្ស និងមានការចាក់ប្រហារទៅលើសន្តិសុខម្នាក់។

ហេតុការណ៍នេះបានបណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ និង ៣នាក់ទៀតរងរបួសធ្ងន់។ ប៉ូលិសជឿថាជនសង្ស័យក៏បានស្លាប់ដែរ ប៉ុន្តែមិនទាន់អាចបញ្ជាក់ជាផ្លូវការ «ដោយសារមានវត្ថុគួរឱ្យសង្ស័យជាប់នឹងខ្លួនរបស់ជននោះ» ដែលនាំឱ្យមានការកោះហៅក្រុមអ្នកជំនាញដោះគ្រាប់បែកមកកាន់ទីតាំង។

គួរបញ្ជាក់ថា វីដេអូមួយដែលត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គម និងផ្ទៀងផ្ទាត់ដោយ Reuters បានបង្ហាញពីទិដ្ឋភាពដែលមន្ត្រីប៉ូលិសកំពុងបាញ់ទៅលើជនសង្ស័យនៅក្នុងបរិវេណសាលាប្រជុំ។ ក្នុងវីដេអូនោះដែរ គេក៏ឃើញមានបុរសម្នាក់ទៀតដេកដួលក្នុងថ្លុកឈាម ដោយពាក់មួកប្រពៃណីរបស់ជនជាតិយូដា៕