ការរញ្ជួយដីកម្រិត ៥.០រ៉ិចទ័រ វាយប្រហារទីក្រុងអ៊ីស្តង់ប៊ុល ធ្វើឱ្យពលរដ្ឋរត់ភៀសខ្លួនចេញពីអគារ (Video inside)
02-10-2025 19:32
(អ៊ីស្តង់ប៊ុល)៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ AFAD និងសាក្សីបានឱ្យដឹងថា ការរញ្ជួយដីមួយកម្រិត ៥.០រ៉ិចទ័រ បានអង្រួនអគារនានានៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដែលជាទីក្រុងធំបំផុតរបស់ប្រទេសតួកគី កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ដែលបណ្តាលឱ្យប្រជាជនមួយចំនួនរត់ចេញមកតាមដងផ្លូវ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទីភ្នាក់ងារ AFAD បានបញ្ជាក់ថា ចំណុចរំញ័រនៃការរញ្ជួយដីនេះ មានប្រភពចេញពីសមុទ្រម៉ាម៉ារ៉ា (Marmara Sea) នៅភាគនិរតីនៃទីក្រុងអ៊ីស្តង់ប៊ុល ដោយស្ថិតនៅតាមបណ្តោយខ្សែបំណាក់ស្រទាប់ផែនដី ដែលត្រូវបានគេចាត់ទុកជាយូរមកហើយថាជាហានិភ័យដ៏ធំសម្រាប់ទីក្រុងដែលមានប្រជាជនរស់នៅរហូតដល់ ១៦លាននាក់នេះ។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីការស្លាប់និងរបួសណាមួយដែលពាក់ព័ន្ធនោះទេ៕