នាយករដ្ឋមន្ត្រីអ៊ីតាលី រិះគន់ក្បួននាវាជំនួយទៅកាន់តំបន់ហ្គាហ្សា និងការធ្វើកូដកម្មទូទាំងប្រទេស (Video inside)
02-10-2025 20:43
(រ៉ូម)៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី ចចា ម៉េឡូនី (Giorgia Meloni) នៅថ្ងៃព្រហស្បតិ៍ បានរិះគន់ក្បួននាវាដឹកជំនួយដែលត្រូវបានយោធាអ៊ីស្រាអែលស្ទាក់ចាប់នៅឯនាយសមុទ្រតំបន់ហ្គាហ្សា ដោយបានបញ្ជាក់ថា បេសកកម្មរបស់ក្រុមសកម្មជន និងកូដកម្មដែលត្រូវបានអំពាវនាវឡើងដើម្បីគាំទ្រពួកគេនោះ នឹងមិនបានជួយអ្វីដល់ប្រជាជនប៉ាឡេស្ទីនឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
កងកម្លាំងអ៊ីស្រាអែលបានឡើងស្ទាក់ចាប់នាវាជាច្រើនគ្រឿង ដែលដឹកសកម្មជនរាប់រយនាក់ ក្នុងនោះមានជនជាតិអ៊ីតាលីប្រហែល ៤០នាក់ ខណៈពួកគេព្យាយាមបំបែកការបិទផ្លូវសមុទ្រនៅតំបន់ហ្គាហ្សា។ ជាការឆ្លើយតប សហជីពអ៊ីតាលីបានអំពាវនាវឱ្យមានកូដកម្មទូទៅនៅថ្ងៃសុក្រ ដើម្បីបង្ហាញសាមគ្គីភាព ស្របពេលដែលការតវ៉ាក៏បានផ្ទុះឡើងនៅតាមបណ្តាទីក្រុងមួយចំនួនផងដែរ។
ថ្លែងនៅខាងក្រៅកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបនៅទីក្រុងកូប៉ិនហាក លោកស្រី ម៉េឡូនី បាននិយាយបែបឌឺដងថា ការធ្វើកូដកម្មនេះហាក់ដូចជាគ្រាន់តែជាលេសសម្រាប់ក្រុមសហជីព ដើម្បីបានឈប់សម្រាកចុងសប្តាហ៍ដ៏វែងប៉ុណ្ណោះ។ លោកស្រីបានថ្លែងទៅកាន់អ្នកសារព័ត៌មានថា «ខ្ញុំនៅតែជឿថា សកម្មភាពទាំងអស់នេះមិនបានផ្តល់អត្ថប្រយោជន៍អ្វីដល់ប្រជាជនប៉ាឡេស្ទីននោះទេ»។ លោកស្រីបានបន្ថែមថា «ផ្ទុយទៅវិញ វាហាក់ដូចជានឹងនាំមកនូវការរអាក់រអួលជាច្រើនដល់ប្រជាជនអ៊ីតាលី»។
គួរបញ្ជាក់ថា សហជីពអ៊ីតាលីបានចោទប្រកាន់រដ្ឋាភិបាលថា មិនបានដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ឈប់សង្គ្រាម និងអនុញ្ញាតឱ្យជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្គាហ្សាឡើយ។ ថ្លែងទៅកាន់សភាជាតិកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani បានលើកឡើងថា រដ្ឋាភិបាលក្រុងរ៉ូមបានគាំទ្រសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕