ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយពីតួនាទី និងកម្មវិធី «មតិយើង» ដល់មន្ត្រី និងប្រជាពលរដ្ឋក្នុងស្រុកអង្គរជុំ

02-10-2025 21:15

(សៀមរាប)៖ ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ បានបន្តចុះផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត ព្រមទាំងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ «មតិយើង» ដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប។

លោក នេត ផល្គុណ ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត បានលើកឡើងថា ការិយាល័យប្រជាពលរដ្ឋជាយន្តការអព្យាក្រឹតដែលបង្កើតឡើងនៅរដ្ឋបាលខេត្ត សម្រាប់ទទួល និងដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ។
គោលបំណងសំខាន់នៃការផ្សព្វផ្សាយនេះ គឺការលើកកម្ពស់អភិបាលកិច្ចក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទីក្នុងការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ។

លោកបានបន្តថា តួនាទី និងភារកិច្ច របស់ការិយាល័យគឺទទួល និងប្រមូលពាក្យបណ្ដឹងនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន, ធ្វើសម្រាំង វាយតម្លៃ និងបញ្ជូនពាក្យបណ្តឹងទៅស្ថាប័នមានសមត្ថកិច្ច, តាមដានការដោះស្រាយ និងជូនព័ត៌មានត្រឡប់ទៅម្ចាស់បណ្តឹង, ស៊ើបអង្កេតបណ្តឹង លើកអនុសាសន៍ និងតាមដានការអនុវត្តវិធានការដោះស្រាយបណ្ដឹង។

លោកក៏បានធ្វើការបង្ហាត់បង្ហាញលម្អិតអំពីរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ «មតិយើង» ដល់សិក្ខាកាម ព្រោះកម្មវិធីនេះមានគោលបំណងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលមានបញ្ហាក្នុងមូលដ្ឋាន ឬភាពមិនពេញចិត្តលើការងារបម្រើសេវាសាធារណៈ និងការគ្រប់គ្រង ដោយមានលក្ខខណ្ឌរក្សាការសម្ងាត់ជូនទៀតផងដែរ៕