ឥណ្ឌា និងចិន នឹងបើកជើងហោះហើរត្រង់ឡើងវិញ ក្រោយផ្អាកអស់រយៈពេល ៥ឆ្នាំ (Video inside)
02-10-2025 22:20
(ញូវដេលី)៖ ក្រសួងការបរទេសឥណ្ឌាបានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ថា ឥណ្ឌា និងចិន នឹងចាប់ផ្តើមជើងហោះហើរត្រង់រវាងទីក្រុងដែលបានកំណត់ឡើងវិញនៅខែនេះ ដែលជាការបញ្ចប់ការផ្អាកជាង ៥ឆ្នាំ និងជាសញ្ញានៃការបន្ធូរភាពតានតឹងទ្វេភាគី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
គួរកត់សម្គាល់ថា គ្មានជើងហោះហើរត្រង់រវាងចិន និងឥណ្ឌាទេ ចាប់តាំងពីឆ្នាំ២០២០ ទោះបីចិនជាដៃគូពាណិជ្ជកម្មទ្វេភាគីដ៏ធំបំផុតរបស់ឥណ្ឌាក៏ដោយ។ ក្រុមហ៊ុនអាកាសចរណ៍ធំជាងគេរបស់ឥណ្ឌា IndiGo បានឱ្យដឹងថា ខ្លួននឹងចាប់ផ្តើមជើងហោះហើរត្រង់ប្រចាំថ្ងៃរវាងទីក្រុង Kolkata និងទីក្រុង Guangzhou នៅថ្ងៃទី២៦ ខែតុលា ហើយក៏មានគម្រោងបើកផ្លូវហោះហើរភ្ជាប់ទីក្រុងញូវដេលីជាមួយទីក្រុងចិនផងដែរ។
គួរបញ្ជាក់ថា កាលពីមួយខែមុន នាយករដ្ឋមន្ត្រីឥណ្ឌា លោក នរិន្ទ្រា ម៉ូឌី បានទៅបំពេញទស្សនកិច្ចនៅចិនជាលើកដំបូងក្នុងរយៈពេល ៧ឆ្នាំ ដើម្បីចូលរួមកិច្ចប្រជុំនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO)។ ក្នុងជំនួបនោះ លោក ម៉ូឌី និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឯកភាពថា ឥណ្ឌា និងចិនជាដៃគូអភិវឌ្ឍន៍ មិនមែនជាគូប្រជែងទេ។ លោក ម៉ូឌី ក៏បានលើកឡើងពីសារៈសំខាន់នៃការរក្សាសន្តិភាពនៅតាមព្រំដែនដែលមានជម្លោះ ដែលការប៉ះទង្គិចគ្នានៅទីនោះកាលពីឆ្នាំ២០២០ បានបណ្តាលឱ្យមានការប្រឈមមុខផ្នែកយោធា និងការផ្អាកជើងហោះហើរអស់រយៈពេល ៥ឆ្នាំ៕