ប៉ូលិសអង់គ្លេស ប្រកាសថាការវាយប្រហារដ៏សាហាវនៅទីក្រុង Manchester គឺជាអំពើភេរវកម្ម

02-10-2025 23:03

(ឡុងដ៍)៖ ប៉ូលិសអង់គ្លេសបានប្រកាសថា ការវាយប្រហារដ៏សាហាវមួយនៅសាលាប្រជុំសាសន៍យូដានៅទីក្រុង Manchester ដែលបានសម្លាប់មនុស្សពីរនាក់ នៅថ្ងៃដ៏ពិសិដ្ឋបំផុតនៃប្រតិទិនសាសនាយូដា គឺជាអំពើភេរវកម្ម។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ស្នងការរងប៉ូលិសទីក្រុង Manchester បានឱ្យដឹងថា ជនវាយប្រហារត្រូវបានមន្ត្រីសម្លាប់ ហើយជនសង្ស័យពីរនាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន។ អាជ្ញាធរបានបញ្ជាក់ថា ជនសង្ស័យបានបើករថយន្តបុកមនុស្សដើរ និងប្រើកាំបិតចាក់មនុស្ស មុនពេលត្រូវមន្ត្រីបាញ់សម្លាប់។ មនុស្សបីនាក់ផ្សេងទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍នេះ។

គួរបញ្ជាក់ថា វីដេអូមួយដែលត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គម និងផ្ទៀងផ្ទាត់ដោយ Reuters បានបង្ហាញពីទិដ្ឋភាពដែលមន្ត្រីប៉ូលិសកំពុងបាញ់ទៅលើជនសង្ស័យនៅក្នុងបរិវេណសាលាប្រជុំ។ ក្នុងវីដេអូនោះដែរ គេក៏ឃើញមានបុរសម្នាក់ទៀតដេកដួលក្នុងថ្លុកឈាម ដោយពាក់មួកប្រពៃណីរបស់ជនជាតិយូដា៕