លោក ពូទីន តបទៅកាន់លោក ត្រាំ៖ NATO ទៅវិញទេដែលជា «ខ្លាក្រដាស» (Video inside)

03-10-2025 08:41

(Reuters)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា បានឆ្លើយតបទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ការហៅរុស្ស៉ី ថាជាខ្លាក្រដា ដោយនិយាយថា NATO ទៅវិញទេជាខ្លាក្រដាស ជាមួយការព្រមានសហរដ្ឋអាមេរិកថាការផ្ដល់មីស៊ីល Tomahawk ទៅឱ្យអ៊ុយក្រែននឹងបង្កើនជម្លោះ ដ៏គ្រោះថ្នាក់ថ្មីមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែនដែលជាសង្រ្គាមធំជាងគេបំផុតនៅអឺរ៉ុបចាប់តាំងពីសម័យសង្រ្គាមលោកលើកទី២មក បានបង្កទៅជាការប្រឈមមុខដាក់គ្នាដ៏ធំរវាងរុស្ស៉ី និងលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២ ស្របពេលក្រុមមន្ត្រីនិយាយថាប្រទេសរបស់ពួកគេបច្ចុប្បន្នកំពុងស្ថិតក្នុងជម្លោះដ៏ក្ដៅមួយជាមួយលោកខាងលិច។

ថ្លែងនៅឯកិច្ចប្រជុំប្រចាំឆ្នាំ Valdai Discussion Group នៅទីក្រុង Sochi នៃតំបន់សមុទ្រខ្មៅ លោក ពូទីន បានសង្កត់ធ្ងន់ថាកងកម្លាំងរុស្ស៉ីកំពុងមានភាពរីកចម្រើនទៅមុខ នៅតាមបណ្ដោយសមរភូមិទាំងមូលនៅអ៊ុយក្រែន​ ហើយថាសមាជិកស្ទើរតែទាំងអស់នៃបក្សសម្ព័ន្ធ NATO ដឹកនាំដោយសហរដ្ឋអាមេរិកក្នុងពេលសព្វថ្ងៃកំពុងប្រយុទ្ធប្រឆាំងនឹង រុស្ស៉ី។ លោក ត្រាំ ដែលកន្លងមកបានជំរុញឱ្យអ៊ុយក្រែនបោះបង់ចោលទឹកដីដើម្បីចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៉ី ឥលូវហាក់ដូចជាបានផ្លាស់ប្ដូរគោលជំហរកាលពីសប្ដាហ៍មុន ដោយនិយាយថាអ៊ុយក្រែនអាចវាយដណ្ដើមយកទឹកដីរបស់ខ្លួនទាំងអស់ដែលកងទ័ពរុស្ស៉ីកំពុងគ្រប់គ្រងត្រឡប់ទៅវិញ និងបានហៅរុស្ស៉ីថាជាខ្លាក្រដាស ហើយបានហៅរុស្ស៉ីថាជា ខ្លាក្រដាសសាជាថ្មីនៅក្នុងសប្ដាហ៍នេះ។

តែជាការឆ្លើយតប លោក ពូទីន ថា NATO ទៅវិញទេដែលជាខ្លាក្រដាស។ «ជាខ្លាក្រដាសមួយ។ តើនឹងមានរឿងអ្វីកើតឡើងបន្ទាប់? ទៅមុខ ហើយតតាំងជាមួយខ្លាក្រដាសនេះ។ ពិតណាស់ យើងកំពុងប្រយុទ្ធជាមួយប្លុក NATO ទាំងមូល យើងនឹងកំពុងឆ្ពោះទៅមុខ រីកចម្រើនទៅមុខ និងមានទំនុកចិត្ត ហើយប្រសិនបើយើងជាខ្លាក្រដាស ចុះ NATO ជាអ្វីទៅវិញ»។ នេះជាការគូសបញ្ជាក់របស់លោក ពូទីន។

គួរបញ្ជាក់ថា បើតាមលោក ពូទីន វាមិនអាចទៅរួចឡើយដែលការប្រើប្រាស់មីស៊ីល Tomahawk ធ្វើទៅកើតដោយមិនមានការចូលរួមពីយោធាអាមេរិក ដូច្នេះលោកព្រមានថា ការផ្ដល់មីស៊ីលប្រភេទនេះទៅឱ្យអ៊ុយក្រែននឹងបង្កើនជម្លោះដ៏គ្រោះថ្នាក់ថ្មីមួយ ក្នុងនោះរួមមានទាំងជម្លោះក្នុងទំនាក់ទំនងរវាងរុស្ស៉ី និងសហរដ្ឋអាមេរិក៕