លោក ត្រាំ ប្រកាសសង្រ្គាមជាមួយពួកឧក្រិដ្ឋជនគ្រឿងញៀន ក្នុងឯកសារមួយប្រាប់សភាអាមេរិក (Video inside)

03-10-2025 09:27

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសសង្រ្គាមជាមួយពួកឧក្រិដ្ឋជនគ្រឿងញៀន នៅក្នុងឯកសារមួយជូនដំណឹងទៅកាន់សភាអាមេរិកអំពីភាពស្របច្បាប់ ក្នុងការវាយប្រហារលើទូកដែលសង្ស័យថាដឹកគ្រឿងញៀននៅក្នុងដែនទឹកក្បែរប្រទេសវ៉េណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ឯកសារខាងលើដែល Reuters បានឃើញកាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ត្រូវបានធ្វើបទបង្ហាញត្រួសៗទៅកាន់សភាអាមេរិកដោយក្រុមអ្នកច្បាប់របស់មន្ទីរបញ្ចកោណក្នុងសប្ដាហ៍នេះ ខណៈក្រុមអ្នកជំនាញនាំគ្នាចោទសួរពីភាពស្របច្បាប់ក្នុងការវាយប្រហាររបស់រដ្ឋបាលលោក ត្រាំ លើទូកដែលសង្ស័យថាជាកម្មសិទ្ធិរបស់ពួកឧក្រិដ្ឋជនគ្រឿងញៀននៅតំបន់សមុទ្រ Caribbean។

កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ យោធាអាមេរិកបានបើកការវាយប្រហារលើទូកចំនួន ៣គ្រឿងដែលសង្ស័យថាដឹកគ្រឿងញៀនដោយបានសម្លាប់មនុស្សយ៉ាងហោច១៧នាក់ ខណៈក្រុមអ្នករិះគន់ ចាត់ទុកការវាយប្រហារនេះជាកិច្ចប្រឹងប្រែងមួយរបស់លោក ត្រាំ ដើម្បីធ្វើតេស្ដលើវិសាលភាពនៃអំណាចជាប្រធានាធិបតីអាមេរិករបស់លោក។ ឯកសារខាងលើដដែលមិនបានផ្ដល់ហេតុផល ស្របច្បាប់ថ្មីណាមួយទេ ក្រៅតែនិយាយការពារសកម្មភាពរបស់រដ្ឋបាលលោក ត្រាំ ហើយក៏មិនបានបញ្ជាក់ផងដែរថាតើឯកសារនេះមានចេតនាបញ្ជាក់ពីស្របច្បាប់ដើម្បីបន្តបើកការវាយប្រហារ បន្ថែមទៀត ឬក៏គ្រាន់តែជាការពន្យល់ពីសកម្មភាពកន្លងមក ឬយ៉ាងណានោះទេ? ឯកសារនេះបានឱ្យដឹងថាលោក ត្រាំ បានសម្រេចថាសហរដ្ឋអាមេរិកកំពុងស្ថិតក្នុងជម្លោះប្រដាប់អាវុធមិនមែន អន្តរជាតិជាមួយក្រុមប្រដាប់អាវុធមិនមែនរដ្ឋកំពុងធ្វើសកម្មភាពដែលត្រូវបានចាត់ទុកថាជាការវាយប្រហារដោយប្រដាប់អាវុធប្រឆាំងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារកន្លងទៅនេះបាននិយាយថារដ្ឋបាលរបស់លោកកំពុងពិចារណាលើការវាយប្រហារប្រឆាំងពួកឧក្រិដ្ឋជនគ្រឿងញៀននៅលើទឹកដី វ៉េណេស៊ុយអេឡា ជាសកម្មភាពមួយប្រសិនបើកើតឡើងមែន នោះវាអាចនឹងបង្កហានិភ័យផ្ទុះជម្លោះជាមួយវ៉េណេស៊ុយអេឡា និងបង្កើនការចោទសួរពីភាពស្របច្បាប់៕