ប្រមុខការទូតបារាំង ប្រាប់ឱ្យហាម៉ាសទម្លាក់អាវុធចុះចាញ់ នៅក្រោមផែនការហ្កាហ្សារបស់លោក ត្រាំ (Video inside)

03-10-2025 10:03

(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot នៅថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា បាននិយាយថាក្រុមហាម៉ាសបានចាញ់នៅក្នុងសង្រ្គាមជាមួយអ៉ីស្រាអែលនៅហ្កាហ្សា ហើយត្រូវតែ ទម្លាក់អាវុធចុះចាញ់នៅក្រោមផែនការសន្តិភាពស្នើឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការលើកឡើងរបស់លោក Barrot ធ្វើក្នុងពេលដែលក្រុមហាម៉ាស បច្ចុប្បន្នកំពុងពិចារណាលើផែនការរបស់លោក ត្រាំ។ «ហាម៉ាសត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះគ្រោះមហន្តរាយដែល ប្រជាជនប៉ាឡេស្ទីនកំពុងប្រឈម។ ហាម៉ាសបានចាញ់ ដូច្នេះត្រូវតែទម្លាក់អាវុធចុះចាញ់»។ នេះជាការគូសបញ្ជាក់របស់លោក Barrot បា្រប់ទីភ្នាក់ងារសារព័ត៌មាន AFP ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ជាទីដែលលោកចូលរួមក្នុងកិច្ចប្រជុំមួយស្ដីពីសន្តិសុខពិភពលោក។

គួរបញ្ជាក់ថា លោក Jean-Noel Barrot ក៏បានបញ្ជាក់ឡើងវិញផងដែរពីការគាំទ្ររបស់បារាំងចំពោះផែនការសន្តិភាពហ្កាហ្សារបស់លោក ដូណាល់ ត្រាំ ដោយនិយាយថាបារាំងត្រៀមលក្ខណៈ ជាស្រេចដើម្បីអនុវត្តតាមផែនការនេះក្នុងគោលបំណងបិទបញ្ចប់សង្រ្គាម និងគ្រោះទុរភិក្ស។ តែព្រមពេលជាមួយគ្នា លោកមិនបានធ្វើការសន្និដ្ឋានថាតើហាម៉ាសនឹងទទួលយកផែនការរបស់លោក ត្រាំ ឬក៏យ៉ាងណាឡើយ៕