មានសញ្ញារំខានពីដ្រូន លើព្រលានយន្តហោះទីក្រុង Munich របស់អាល្លឺម៉ង់ ជើងហោះហើរមួយចំនួនត្រូវផ្អាក

03-10-2025 11:11

(បែរឡាំង)៖ អាកាសយានដ្ឋានទីក្រុង Munich នៃប្រទេសអាល្លឺម៉ង់ បានឱ្យដឹងនៅថ្ងៃសុក្រ ទី៣ ខែតុលានេះថា សញ្ញារំខានពីយន្តហោះដ្រូនកាលពីយប់ថ្ងៃព្រហស្បតិ៍ បានបង្ខំប្រព័ន្ធគ្រប់គ្រងចរាចរណ៍បញ្ជាឱ្យផ្អាកប្រតិបត្តិការផ្លូវអាកាស ដែលនាំឱ្យមានការលុបចោលជើងហោះហើរចំនួន ១៧ រំខានដល់អ្នកដំណើរជិត ៣ ០០០នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មន្ត្រីគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសអាល្លឺម៉ង់ បានរឹតបន្តឹងការហោះហើរនៅអាកាសយានដ្ឋាន Munich ចាប់ពីម៉ោង ១០យប់ ហើយក្រោយមកបានណែនាំឱ្យផ្អាកទាំងស្រុងតែស្រុងតែម្តង ដោយសារតែឃើញមានសញ្ញានៃដ្រូនជាច្រើន។ ដោយឡែក ជើងហោះហើរចូលមកអាល្លឺម៉ង់ ចំនួន ១៥ផ្សេងទៀត ត្រូវបានបង្វែរឱ្យទៅចុះចតនៅទីក្រុង Stuttgart, Nuremberg, Vienna និង Frankfurt។ តាមគេហទំព័រតាមដានការហោះហើរ Flightradar24 អាកាសយានដ្ឋាន Munich បន្តបិទមកដល់ព្រឹកព្រលឹមថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់)។

គួរបញ្ជាក់ថា ការរំខានដោយដ្រូននៅអាកាសយានដ្ឋានរបស់អាល្លឺម៉ង់ គឺជាឧប្បត្តិហេតុថ្មីមួយទៀត ចំពោះវិស័យអាកាសចរណ៍អឺរ៉ុប បន្ទាប់ពីអាកាសយានដ្ឋានរបស់ដាណឺម៉ាក និងន័រវែស ក្នុងសប្តាហ៍នេះ៕