អេហ្ស៉ីប ថាកំពុងធ្វើការដើម្បីបញ្ចុះបញ្ចូលឱ្យហាម៉ាស ទទួលយកផែនការហ្កាហ្សារបស់លោក ត្រាំ (Video inside)

03-10-2025 11:52

(គែរ)៖ រដ្ឋមន្រ្តីការបរទេសអេហ្ស៉ីបនិយាយថា ទីក្រុងគែរកំពុងធ្វើការជាមួយកាតា និងតួកគីដើម្បីបញ្ចុះបញ្ចូលក្រុមហាម៉ាស ឱ្យទទួលយកផែនការហ្កាហ្សារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយព្រមានថាភាពតានតឹងនឹងកើនឡើងថែមទៀត ប្រសិនបើក្រុមនេះបដិសេធ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែកញ្ញា ឆ្នាំ ២០២៥។

សេតវិមានបានបង្ហាញផែនការ ២០ចំណុច ដែលរួមមានការអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់ ការដោះដូរចំណាប់ខ្មាំង ការដកទ័ពអ៉ីស្រាអែលចេញពីតំបន់ហ្កាហ្សា ការរំសាយអាវុធរបស់ក្រុមហាម៉ាស និងការបង្កើតរដ្ឋាភិបាលអន្តរកាលដែលដឹកនាំដោយស្ថាប័នអន្តរជាតិ។

នៅឯវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិបារាំង (French Institute of International Relations) ក្នុងទីក្រុងប៉ារីស លោក Badr Abdelatty បានកត់សម្គាល់ថា វាច្បាស់ណាស់ថាហាម៉ាសត្រូវតែរំសាយអាវុធ ហើយមិនគួរឱ្យអ៉ីស្រាអែលមានហេតុផល ដើម្បីបន្តធ្វើសង្រ្គាមនៅហ្កាហ្សាទៀតនោះទេ។ តាមលោក Abdelatty ក្រុមសម្របសម្រួលអេហ្ស៉ីប កាតា និងតួកគី កំពុងបញ្ចុះបញ្ចូលឱ្យហាម៉ាស ធ្វើការឆ្លើយតបជាវិជ្ជមានចំពោះផែនការរបស់លោក ត្រាំ។

គួរបញ្ជាក់ថា សង្រ្គាមហ្កាហ្សា ផ្តើមចេញពីព្រឹត្តិការណ៍វាយឆ្មក់សម្លាប់ជនជាតិអ៉ីស្រាអែល និងចាប់ចំណាប់ខ្មាំងដោយក្រុមហាម៉ាសប៉ាឡេស្ទីន កាលពីខែតុលា ឆ្នាំ ២០២៣។ ប៉ុន្តែការវាយប្រហារសងសឹករបស់អ៉ីស្រាអែល បណ្តាលឱ្យមនុស្សជាង ៦៦ ០០០នាក់ត្រូវស្លាប់ ដោយបើតាមអាជ្ញាធរសុខាភិបាលតំបន់ ភាគច្រើនគឺជាជនស៉ីវិល៕