អ៊ុយក្រែននិងរុស្ស៉ី ដោះដូរឈ្លើយសឹកថ្មីទៀតសរុបជិត៤០០នាក់ (Video inside)

03-10-2025 13:23

(កៀវ)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសឱ្យដឹងថា អ៊ុយក្រែនទើបតែបានដោះដូរឈ្លើយសឹកជុំថ្មីទៀតជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ហ្សេលេនស្គី បាននិយាយថា ក្នុងការដោះដូរជុំថ្មីខាងលើ អ៊ុយក្រែនទទួលបានមកវិញនូវទាហានសរុប១៨៥នាក់ រួមជាមួយជនស៉ីវិល២០នាក់។ បើតាមលោកប្រធានាធិបតី អ្នកទាំងនោះភាគច្រើន បានជាប់ឃុំចាប់តាំង​ពីឆ្នាំ២០២២មក។ លោក ហ្សេលេនស្គី បានបន្ថែមថា គិតចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ី អ៊ុយក្រែននាំយក​ឈ្លើយសឹករបស់ខ្លួន បានមកវិញសរុបជាង៧០០០នាក់ហើយ។

គួរបញ្ជាក់ថា ខាងក្រសួងការពារជាតិរុស្ស៉ី ក៏បានរាយការណ៍ផងដែរ ពីការដោះលែងឈ្លើយសឹកអ៊ុយក្រែន១៨៥នាក់ ជាថ្នូរសម្រាប់​ទាហានរុស្ស៉ី១៨៥នាក់ ហើយបន្ថែមពីនោះ ជនស៉ីវិលអ៊ុយក្រែន២០នាក់ ក៏ត្រូវបានដោះលែង។ កាលពីថ្ងៃទី៥ ខែកញ្ញាកន្លងទៅ ក្រសួងមហាផ្ទៃអ៊ុយក្រែន បាននិយាយថា ឈ្លើយសឹកអ៊ុយក្រែនសរុបជាង២៥០០នាក់ បន្តស្ថិតក្រោមការឃុំឃាំងរបស់រុស្ស៉ី៕