វៀតណាម៖ ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Bualoi បន្តកើនដល់៥១នាក់ និង១៤នាក់នៅបន្តបាត់ខ្លួន (Video inside)

03-10-2025 13:52

(ហាណូយ)៖ នាថ្ងៃសុក្រ ទី៣ ខែតុលា រដ្ឋាភិបាលនៃប្រទេសវៀតណាម បានឱ្យដឹងថា តួលេខមនុស្សស្លាប់ដោយសារព្យុះទីហ្វុង Bualoi បានបន្តកើនដល់៥១នាក់ ខណៈមនុស្ស ១៤នាក់ទៀត នៅបន្តបាត់ខ្លួនដដែល បន្ទាប់ពីព្យុះនេះ បានបន្តការជន់លិច​យ៉ាងខ្លាំងក្លានៅវៀតណាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ព្យុះ Bualoi បានបោកបក់មកដល់ចន្លោះតំបន់ភាគកណ្តាល និងខាងជើងវៀតណាម កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ហើយវាបាននាំមកនូវភ្លៀងធ្លាក់ ដែលបានបង្កការជន់លិចធ្ងន់ធ្ងរនៅរដ្ឋធានីហាណូយ ក្នុងចំណោមកន្លែងជាច្រើនផ្សេងទៀត។ ទឹកជំនន់និងបំណាក់ដី ដែលកើត​ឡើងដោយសារព្យុះទីហ្វុងនេះ បានបណ្តាលឱ្យខូចខាត លំនៅដ្ឋានច្រើនជាង២០០ ០០០ខ្នង រួមជាមួយហេដ្ឋារចនាសម្ព័ន្ធ និង​ផ្ទៃដីស្រែចម្ការ ពាសពេញប្រទេស។ រដ្ឋាភិបាលវៀតណាម បានប៉ាន់ប្រមាណថា ព្យុះ Bualoi បានបង្កការខូចខាតទ្រព្យសម្បត្តិ សរុប​​ដល់៦០០លានដុល្លារ។

គួរបញ្ជាក់ថា យោងតាមការព្យាករ ព្យុះទីហ្វុងថ្មីមួយទៀតឈ្មោះ Matmo ដែលកំពុងឆ្ពោះទៅរកភាគខាងជើងប្រទេសហ្វីលីពីន ក៏អាចនឹងប៉ះពាល់លើតំបន់ភាគខាងជើងវៀតណាម នៅអំឡុងដើមសប្តាហ៍ក្រោយផងដែរ។ Matmo នឹងជាព្យុះទី១១ក្នុងឆ្នាំនេះ ដែលវាយប្រហារវៀតណាម ដែលជាប្រទេស ទូទៅត្រូវព្យុះបោកបក់លើអាចដល់១០ព្យុះ ក្នុងមួយឆ្នាំៗ។ ព្យុះទីហ្វុង Bualoi បានផ្តាច់ជីវិត​មនុស្ស៣៧នាក់ និងបង្ខំឱ្យ៤០០ ០០០នាក់ភៀសខ្លួនពីលំនៅដ្ឋាន នៅប្រទេសហ្វីលីពីន កាលពីសប្តាហ៍មុន៕