ប្រធានាធិបតីកូរ៉េខាងត្បូង ទទូចឱ្យកូរ៉េខាងជើង ពិចារណាបន្តឡើងវិញ កម្មវិធីជួបជុំគ្រួសារកូរ៉េ ដែលបែកបាក់គ្នាសម័យសង្រ្គាម
03-10-2025 14:25
(សេអ៊ូល)៖ នាថ្ងៃសុក្រ ទី៣ ខែតុលា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយថា កូរ៉េខាងជើងគួរតែពិចារណាបន្តឡើងវិញ នូវកម្មវិធីជួបជុំគ្រួសារជនជាតិកូរ៉េ ដែលត្រូវព្រាត់ប្រាសពីគ្នា កាលពីអំឡុងសម័យសង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ ដើម្បីជាផ្នែកមួយនៃការកិច្ចសហប្រតិបត្តិការមនុស្សធម៌រវាងប្រទេសជិតខាងទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងប្រាប់ក្រុមជនជាតិកូរ៉េខាងត្បូង ដែលមានសាច់ញាតិនៅកូរ៉េខាងជើង លោក Lee បានអះអាងថា រូបលោកសង្ឃឹមចង់ឱ្យអរិភាពថយចុះ ហើយកិច្ចសហប្រតិបត្តិការអាចបន្តឡើងវិញ ជាមួយប្រទេសកូរ៉េខាងជើង។ លោកប្រធានាធិបតី បានលើកឡើងថា វាគឺជាការទទួលខុសត្រូវផ្នែកនយោបាយសម្រាប់ប្រទេសកូរ៉េទាំងពីរ ក្នុងការអនុញ្ញាតឱ្យគ្រួសារដែលបែកបាក់គ្នា មានឱកាសទាក់ទងគ្នា និងដោះដូរលិខិត បើគិតអំពីទស្សនៈមនុស្សធម៌។
បើតាមរបាយការណ៍នៃក្រសួងទទួលបន្ទុកកិច្ចការអន្តរកូរ៉េរបស់ប្រទេសកូរ៉េខាងត្បូង ជនជាតិកូរ៉េខាងត្បូងប្រមាណ៣៦ ០០០នាក់ ដែលព្រាត់ប្រាសពីសាច់ញាតិរបស់ពួកគេ នៅឯប្រទេសកូរ៉េខាងជើង បានដាក់សំណើមកកាន់រដ្ឋាភិបាល ចង់ឱ្យមានកម្មវិធីជួបជុំឡើងវិញ។
គួរបញ្ជាក់ថា ការជួបជុំគ្រួសារលើកចុងក្រោយរវាងកូរ៉េទាំងពីរ ត្រូវបានរៀបចំឡើងឡើងកាលពីខែសីហា ឆ្នាំ២០១៨ ប៉ុន្តែត្រូវបានផ្អាករហូតមក ចាប់តាំងពីទំនាក់ទំនងអន្តរកូរ៉េធ្លាក់ដុនដាប។ កាលពីខែកុម្ភៈ ឆ្នាំនេះ កូរ៉េខាងជើងត្រូវបានមើលឃើញថា រុះរើចោលមជ្ឈមណ្ឌលធ្លាប់ប្រើសម្រាប់កម្មវិធីជួបជុំនោះ ដែលជាសញ្ញានៃការធ្លាក់ចុះខ្លាំង ក្នុងទំនាក់ទំនងជាមួយកូរ៉េខាងត្បូង៕