លោក ពូទីន៖ ពន្ធគយលើដៃគូពាណិជ្ជកម្មរុស្ស៉ី ក៏អាចធ្វើឱ្យសេដ្ឋកិច្ចអាមេរិកខ្លួនឯងរបួសដែរ
03-10-2025 14:59
(SOCHI)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានរិះគន់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការដាក់សម្ពាធឱ្យឥណ្ឌា និងចិន កាត់ផ្តាច់ការរកស៉ីលើវិស័យប្រេងជាមួយទីក្រុងមូស្គូ ដោយព្រមានថា ចំណាត់ការបែបនេះ ក៏អាចប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិកខ្លួនឯងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ ២០២៥។
ថ្លែងទៅកាន់ក្រុមអ្នកជំនាញធុរកិច្ចរុស្ស៉ី លោក ពូទីន និយាយថា បើពន្ធគយខ្ពស់ត្រូវបានដាក់លើដៃគូពាណិជ្ជកម្មរបស់រុស្ស៉ី វានឹងជំរុញឱ្យតម្លៃនៅទូទាំងពិភពលោក កើនឡើង ហើយធនាគារកណ្តាលអាមេរិក ត្រូវបង្ខំចិត្តរក្សាអត្រាការប្រាក់ខ្ពស់។ ត្រឡប់ទៅវិញ វានឹងធ្វើឱ្យសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះ។
គួរបញ្ជាក់ថា ប្រធានធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពន្ធគយ ៥០ភាគរយលើឥណ្ឌា ជុំវិញការបន្តទិញប្រេងពីរុស្ស៉ី ខណៈកំពុងចរចាបញ្ហាពន្ធជាមួយចិន បន្ទាប់ពីមានការដំឡើងជាបន្តបន្ទាប់។ លោក ត្រាំ ក៏កំពុងជំរុញឱ្យសម្ព័ន្ធមិត្ត ជាពិសេសសហភាពអឺរ៉ុប ដាក់ចេញនូវវិធានការពន្ធស្រដៀងគ្នានេះ ចំពោះប្រទេសទាំងពីរផងដែរ៕