សហរដ្ឋអាមេរិក នឹងផ្តល់មូលនិធិ២៣០លានដុល្លារឱ្យលីបង់ ខណៈកំពុងជំរុញក្រុមហេសបូឡា ឱ្យរំសាយអាវុធ (Video inside)

03-10-2025 15:38

(បេរូត)៖ រដ្ឋបាលលោក ត្រាំ បានអនុម័តថវិកាចំនួន ២៣០លានដុល្លារសម្រាប់កងកម្លាំងសន្តិសុខរបស់ប្រទេសលីបង់ ក្នុងសប្តាហ៍នេះ ខណៈដែលពួកគេកំពុង ជំរុញក្រុមហេសបូឡា រំសាយអាវុធ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ ២០២៥។

ប្រភពមួយពីលីបង់ បានឱ្យដឹងថា ថវិកានេះគឺរួមទាំង ១៩០លានដុល្លារសម្រាប់កងកម្លាំងប្រដាប់អាវុធ និង ៤០លានដុល្លារសម្រាប់កងកម្លាំងសន្តិសុខផ្ទៃក្នុង។ អ្នកនាំពាក្យមួយរូបនៃក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា ជំនួយរបស់សហរដ្ឋអាមេរិកនឹងជួយដល់កងកម្លាំងលីបង់ ខណៈពួកគេកំពុងធ្វើការដើម្បីពង្រឹងអធិបតេយ្យនៅទូទាំងប្រទេស និងអនុវត្តយ៉ាងពេញលេញនូវដំណោះស្រាយលេខ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលជាក្របខ័ណ្ឌសម្រេចបានតែមួយគត់ សម្រាប់ការរៀបចំសន្តិសុខយូរអង្វែងរវាងលីបង់ និងអ៉ីស្រាអែល។

គួរបញ្ជាក់ថា ជម្លោះ​អ៉ីស្រាអែល-​លីបង់​ដែលចាប់ផ្តើមកាល​ពី​​ឆ្នាំ​មុន​ បានធ្វើឱ្យ​ក្រុមហេសបូឡាចុះខ្សោយ។ ក្រោយបញ្ឈប់ការប្រយុទ្ធគ្នាជាមួយអ៉ីស្រាអែល ហេសបូឡាបដិសេធរំសាយអាវុធ ប៉ុន្តែឥឡូវនេះ ​កំពុង​ស្ថិត​ក្រោម​សម្ពាធ​ពីរដ្ឋាភិបាលលីបង់ និង​ពីទីក្រុង​វ៉ាស៉ីនតោន៕