ចក្រភពអង់គ្លេស ប្តេជ្ញាបង្រ្កាបសកម្មភាពប្រឆាំងជាតិសាសន៍ បន្ទាប់ពីករណីវាយប្រហារនៅឯវិហារជនជាតិជ្វីហ្វ (Video inside)
03-10-2025 16:08
(MANCHESTER, England)៖ រដ្ឋាភិបាលចក្រភពអង់គ្លេស បានប្តេជ្ញាថានឹងបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីដោះស្រាយបញ្ហាប្រឆាំងនឹងជាតិសាសន៍ ខណៈសហគមន៍ជ្វីហ្វ ទើបតែជួបប្រទះហេតុការណ៍វាយប្រហារសម្លាប់មនុស្សពីរនាក់ ក្នុងថ្ងៃបុណ្យសាសនារបស់ជនជាតិជ្វីហ្វ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ ២០២៥។
រដ្ឋមន្ត្រីមហាផ្ទៃ លោកស្រី Shabana Mahmood និយាយថា លោកស្រីយល់ពីបញ្ហាផ្លូវចិត្តរបស់ភាគីទាំងអស់ ពាក់ព័ន្ធនឹងសង្រ្គាមហ្កាហ្សា ប៉ុន្តែវាជារឿងសំខាន់ ដែលមិនគួរឱ្យមានភាពតានតឹង នៅតាមដងផ្លូវរបស់ចក្រភអង់គ្លេស។ លោកស្រី គូសបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីរក្សាសុវត្ថិភាពសហគមន៍ជ្វីហ្វ។ ប្រជាជននឹងបានឃើញ វត្តមានប៉ូលិសច្រើនជាងមុន នៅគ្រប់មជ្ឈដ្ឋានសហគមន៍ ជាចម្បងនៅតាមទីតាំងជួបជុំ និងកន្លែងផ្សេងទៀត»។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ មានហេតុការណ៍បើករថយន្តចូលទៅក្នុងតំបន់ថ្មើរជើង ហើយបន្ទាប់មកអ្នកបើករថយន្ត បានធ្វើសកម្មភាពចាក់ទៅលើមនុស្ស នៅខាងក្រៅវិហារ Heaton Park Hebrew Congregation ទីក្រុង Manchester ភាគខាងជើងប្រទេសអង់គ្លេស។ ជនរងគ្រោះពីរនាក់បានស្លាប់ ហើយជនសង្ស័យគឺជាជនជាតិអង់គ្លេស អាយុ ៣៥ឆ្នាំ និងត្រូវបានប៉ូលិសបាញ់សម្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ៕