ប្រមុខយោធាហ្វីលីពីន អះអាងថា បានទាត់ចោលការអំពាវនាវឱ្យទម្លាក់ប្រធានាធិបតី Ferdinand Marcos Jr ពីអំណាច (Video inside)

03-10-2025 16:45

(ម៉ានីល)៖ នាថ្ងៃសុក្រ ទី៣ ខែតុលា ប្រមុខយោធានៃប្រទេសហ្វីលីពីន បានអះអាងថា រូបលោកបានច្រានចោល ការអំពាវនាវចង់ឱ្យ​កងកម្លាំងប្រដាប់អាវុធផ្តួលរំលំប្រធានាធិបតី លោក Ferdinand Marcos Jr ខណៈដែលទីក្រុងម៉ានីល ត្រូវបានអង្រួនដោយ​ការធ្វើបាតុកម្មយ៉ាងកក្រើកតាមដងផ្លូវកាលពីខែកញ្ញាកន្លងទៅ ប្រឆាំងនឹងអំពើពុករលួយនៅក្នុងរដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោកឧត្តមសេនីយ៍ Romeo Brawner បានឱ្យដឹងថា អតីតមន្រ្តីចូលនិវត្តន៍មួយចំនួនក្នុងជួរយោធាហ្វីលីពីន បានព្យាយាមទាក់ទងមករូបលោក ព្រមទាំងមន្រ្តីយោធាវ័យក្មេងៗ ប៉ុន្តែការអំពាវនាវរបស់ពួកគេ ត្រូវបានបដិសេធចោល។ ការអំពាវនាវបែបនេះ គឺកើតមានក្រោយ​​បាតុកម្មទ្រង់ទ្រាយធំ បានផ្ទុះឡើងនៅរដ្ឋធានីម៉ានីល កាលពីថ្ងៃទី២១ ខែកញ្ញា ក្នុងគោលដៅប្រឆាំងអំពើពុករលួយ ផ្តើមចេញពី​​គម្រោងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកជំនន់ ដែលភាគច្រើនមិនលេចចេញជារូបរាង និងចំណាយលុយប្រជាជនរាប់ពាន់លានដុល្លារ។

បើតាមលោក Brawner អំឡុងបាតុកម្មកាលពីខែមុននោះ ក្រុមបាតុករបាននាំគ្នាអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធហ្វីលីពីន ដកការគាំទ្រពីលោកប្រធានាធិបតី និងធ្វើអន្តរាគមន៍។ លោក Brawner បាននិយាយយ៉ាងដូច្នេះថា «មានមន្រ្តីយោធាចូលនិវត្តន៍មួយចំនួន បានព្យាយាមទាក់ទងមកកាន់មន្រ្តីយោធាក្មេងៗ មកកាន់ក្រុមមេបញ្ជាការ និងសូម្បីមកកាន់​ខ្ញុំផ្ទាល់តែម្តង ហើយចង់បញ្ចុះបញ្ចូលពួកយើង ឱ្យធ្វើអន្តរាគមន៍»។

លោកឧត្តមសេនីយ៍បានបន្តទៀតថា «ពួកគេបានស្នើចង់ឱ្យមានរដ្ឋប្រហារ និងរដ្ឋាភិបាលយោធា ដើម្បីរិះរកមធ្យោបាយ​កំណត់សង្គមហ្វីលីពីនសាជាថ្មីឡើងវិញ ឬក៏ដកការគាំទ្ររបស់យើង ចេញពីលោកប្រធានាធិបតី ពោលគឺមានការស្នើចង់ឱ្យធ្វើអន្តរាគមន៍យោធា ​ក្នុងទម្រង់ច្រើនផ្សេងៗគ្នា»។ យ៉ាងណាមិញ លោក Brawner បានអះអាងថា រូបលោកបានប្រាប់ទៅ ក្រុមមន្រ្តីចូលនិវត្តន៍ទាំងនោះ​វិញថា ស្ថាប័នយោធាប្រកាន់ជំហររឹងមាំ ក្នុងការគាំទ្ររដ្ឋធម្មនុញ្ញរបស់ប្រទេស ហើយលោកក៏បានជូនដំណឹងដល់លោក Marcos អំពីផែនការនេះផងដែរ។

គួរបញ្ជាក់ថា កាលពីឆ្នាំ១៩៨៦ យោធាហ្វីលីពីនបានដកការគាំទ្រចេញពីឪពុកលោក Marcos Jr គឺមេដឹកនាំផ្តាច់ការលោក Ferdinand Marcos Sr ក្រោយកាន់អំណាចរយៈពេល២០ឆ្នាំ ហើយប្រការនោះ បាននាំឱ្យមានការបះបោរពីសំណាក់ប្រជាជន​យ៉ាងកក្រើក ដែលទីបំផុតបានបង្ខំឱ្យគ្រួសារត្រកូល Marcos និរទេសខ្លួនទៅកាន់ទឹកដីសហរដ្ឋអាមេរិក។ យ៉ាងណាមិញ សកម្មភាព​របស់យោធានាពេលនោះ ក្រោយមកបានបើកផ្លូវឱ្យមានការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធាយ៉ាងបង្ហូរឈាមជាបន្តបន្ទាប់ ដែលបានធ្វើឱ្យរង្គោះរង្គើលទ្ធិប្រជាធិបតេយ្យទើបស្តារឡើងវិញរបស់ហ្វីលីពីន ក្រោមការដឹកនាំនៃគូបដិបក្ខរបស់លោក Marcos Sr គឺលោក Corazon Aquino នៅចន្លោះឆ្នាំ១៩៨៦-១៩៩១៕