លោក ត្រាំ «ការបិទទ្វាររដ្ឋាភិបាលជារឿងល្អ» ខណៈការបណ្តេញបុគ្គលិករដ្ឋទ្រង់ទ្រាយធំ អាចនឹងចាប់ផ្តើមក្នុងរយៈពេល២ថ្ងៃទៀត (Video inside)

03-10-2025 20:24

(វ៉ាស៊ីនតោន)៖ នាយកការិយាល័យថវិកាសេតវិមាន លោក Russell Vought បាននិយាយកាលពីថ្ងៃពុធ ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងចាប់ផ្តើមការបណ្តេញបុគ្គលិករដ្ឋទ្រង់ទ្រាយធំ ក្នុងរយៈពេល «មួយទៅពីរ» ថ្ងៃខាងមុខទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

ការប្រកាសនេះធ្វើឡើងនៅថ្ងៃដំបូងនៃការបិទទ្វាររដ្ឋាភិបាលសហព័ន្ធ ដែលជាលើកដំបូងក្នុងរយៈពេលជិត៧ឆ្នាំ បន្ទាប់ពីព្រឹទ្ធសភាបានបរាជ័យក្នុងការអនុម័តច្បាប់ចំណាយរយៈពេលខ្លី។ លោក ត្រាំ បាននិយាយកាលពីថ្ងៃអង្គារ ថា៖ «រឿងល្អជាច្រើនអាចកើតចេញពីការបិទទ្វាររដ្ឋាភិបាល...យើងអាចកម្ចាត់ចោលនូវរឿងជាច្រើនដែលយើងមិនចង់បាន»។

អនុប្រធានាធិបតីអាមេរិក លោក ជេឌី វាន់ស បានបញ្ជាក់ថា ការបណ្តេញចេញនឹងកើតមាននៅពេលឆាប់ៗ ប្រសិនបើរដ្ឋាភិបាលមិនបើកដំណើរការឡើងវិញ។ លោកបានថ្លែងថា៖ «យើងនឹងត្រូវបញ្ឈប់មនុស្សមួយចំនួនពីការងារ ប្រសិនបើការបិទទ្វារនៅតែបន្ត»។

គួរបញ្ជាក់ថា យោងតាមការិយាល័យថវិកាសភា (CBO) បុគ្គលិករដ្ឋប្រហែល៧៥០,០០០នាក់អាចនឹងត្រូវបង្ខំឱ្យផ្អាកការងារជារៀងរាល់ថ្ងៃ ដែលត្រូវចំណាយថវិកា៤០០លានដុល្លារជារៀងរាល់ថ្ងៃទៅលើប្រាក់បំណាច់។ ទោះជាយ៉ាងណា អ្នកជំនាញបានលើកឡើងថា ការបណ្តេញបុគ្គលិកនេះ នឹងមិនអាចជួយសន្សំសំចៃថវិកាជាតិបានច្រើននោះទេ។ លោក Dean Baker សហស្ថាបនិកនៃមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងគោលនយោបាយ បានពន្យល់ថា ទោះបីជាត្រូវបញ្ឈប់បុគ្គលិក២០,០០០នាក់ពីការងារក៏ដោយ ក៏វានឹងជួយសន្សំសំចៃថវិកាបានតិចជាង០.០៣% នៃថវិកាសហព័ន្ធសរុបប៉ុណ្ណោះ៕