ប៉ាគីស្ថានថា ផែនការហ្កាហ្សារបស់លោក ត្រាំ «មិនដូចសំណើដើម», មានការកែប្រែចំណុចសំខាន់ (Video inside)

03-10-2025 21:19

(អ៊ីស្លាម៉ាបាដ)៖ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar បាននិយាយកាលពីថ្ងៃសុក្រ ថា ចំណុចទាំង២០ ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសក្នុងសប្តាហ៍នេះ ក្រោមផែនការបញ្ចប់សង្គ្រាមនៅហ្កាហ្សា គឺមិនស្របគ្នានឹងសេចក្តីព្រាងដែលត្រូវបានដាក់ជូនលោកដោយក្រុមប្រទេសឥស្លាមនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Dar បានបញ្ជាក់ថា ក្រុមប្រទេសឥស្លាមបានស្នើឱ្យមានការដកទ័ពអ៊ីស្រាអែលចេញទាំងស្រុងពីតំបន់ហ្កាហ្សា ក្នុងអំឡុងពេលជំនួបជាមួយលោក ត្រាំ កាលពីថ្ងៃទី២២ ខែកញ្ញា ប៉ុន្តែផែនការរបស់លោក ត្រាំ ត្រឹមតែគ្រោងការដកទ័ពផ្នែកខ្លះរបស់អ៊ីស្រាអែល ដើម្បីត្រៀមការដោះលែងចំណាប់ខ្មាំងដែលនៅសល់។

រដ្ឋមន្ត្រីការបរទេសរូបនេះ បានថ្លែងប្រាប់សមាជិកសភាប៉ាគីស្ថានថា «ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថា ចំណុចទាំង២០ ដែលលោក ត្រាំ បានប្រកាសជាសាធារណៈនេះ... គឺមិនដូចរបស់យើងទេ។ ខ្ញុំនិយាយថា មានការផ្លាស់ប្តូរមួយចំនួនត្រូវបានធ្វើឡើងក្នុងនោះ នៅក្នុងសេចក្តីព្រាងដែលយើងមាន»។

គួរបញ្ជាក់ថា ផែនការ២០ចំណុចរបស់លោក ត្រាំ បានកំណត់ឱ្យមានការប្រគល់ចំណាប់ខ្មាំងទាំងអស់ ទាំងមនុស្សដែលនៅរស់ និងសព ក្នុងរយៈពេល៧២ម៉ោងបន្ទាប់ពីបទឈប់បាញ់ ហើយបានលើកឡើងពី «ហ្កាហ្សាថ្មី» ដែលនឹងត្រូវស្តារឡើងវិញនាពេលអនាគត។ ផែនការនេះត្រូវបានប្រកាសឡើងមួយសប្តាហ៍ បន្ទាប់ពីលោក ត្រាំ បានជួបមេដឹកនាំនៃប្រទេសឥស្លាមចំនួន៨ រួមមាន៖ អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម កាតា អេហ្ស៊ីប ហ្ស៊កដានី តួកគី ឥណ្ឌូណេស៊ី និងប៉ាគីស្ថាន៕